ជំនាញជួសជុលរថយន្ត មានទីផ្សារការងារខ្ពស់ ខណៈការប្រើប្រាស់រថយន្ត របស់ប្រជាជន កាន់តែច្រើនឡើង

កំពង់ស្ពឹ៖ ជំនាញបច្ចេកទេសជួសជុលរថយន្ត បាននិងកំពុងមើលឃើញថា មានតម្រូវការទីផ្សារការងារខ្ពស់ មិនថាតែនៅក្នុងទីក្រុង ទីប្រជុំ ឬទីជនបទ ដោយសារចំនួន នៃអ្នកប្រើប្រាស់ បាននិងកំពុងមានការកើនឡើង មិនថា តែរថយន្តដែលបាននាំចូលមកពីបរទេស រថយន្តតំឡើងក្នុងស្រុកនោះទេ ។ នេះបើតាមការបញ្ជាក់ពី លោក រិន ហេងរ៉ា ម្ចាស់យានដ្ឋានរិនហេងរ៉ា នៅទីរួមខេត្តកំពង់ស្ពឺ ។

លោក ហេងរ៉ា គឺជាម្ចាស់យានដ្ឋានមួយរូបដែលបានទទួលយកសិក្ខាកាម បញ្ចប់ការបណ្តុះបណ្តាល ពីវិទ្យាស្ថនពហុបច្ចេកទេសទេសខេត្តកំពង់ស្ពឺ ចំនួន៤នាក់ មកបន្តចុះហាត់ការ ការងារជួសជុលរថយន្តជាក់ស្តែង ដើម្បីឱ្យបានដឹងកាន់តែច្បាស់ ប្រភេទរថយន្តផ្សេងៗ។ ម្ចាស់យានដ្ឋានរូបនេះ ក៏ថ្លែងការកោតសរសើរផងដែរ សំរាប់សិក្ខាកាមដែលទទួលបានការបណ្តុះបណ្តាលពីវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឹ ថ្វីដៃ ចំណេះដឹង អាចប្រើការបាន បន្ទាប់ពីពួកគាត់រៀនជំនាញខាងទ្រឹស្តី និងបន្តមកអនុវត្តន៍ការងារផ្ទាល់នៅក្នុងយានដ្ឋាននេះ។

ម្ចាសយានដ្ឋាន លោក ហេង រ៉ា ក៏បានសម្តែងនូវការត្រេកអរ និងគាំទ្រចំពោះរាជរដ្ឋា ភិបាល ដែលបានគៀងគរឱ្យមានក្រុមហ៊ុនតំឡើងរថយន្តមកវិនិយោគនៅក្នុងស្រុក ដែល និងផ្តល់ឱកាសទីផ្សារការងារខ្ពស់ ដល់កូនខ្មែរដែលចាប់យកជំនាញជួសជុល រថយន្តនេះ ខណៈដែលឥឡូវនេះការប្រើប្រាស់រថយន្តកាន់តែច្រើនៗ ដែលមានគ្រប់ក្រុមហ៊ុន គ្រប់ប្រភេទរថយន្ត។

លោក អួង ខេង ជាសិក្ខាកាម បានសិក្សាទៅលើជំនាញ ការថែទាំ ជួសជុលម៉ាស៊ីនត្រជាក់រថយន្ត នៅក្នុងកម្រិត សញ្ញាបត្របច្ចេកទេសវិជ្ជាជីវៈ១ បានលើកឡើងថា ដោយសារមើលឃើញពីចំនេះដឹង ក៏ដូចជាទីផ្សារការងារទៅលើជំនាញជួសជុលរថយន្តមានដំណើរការទូលំទូលាយស្របពេលដែលមានការប្រើប្រាស់រថយន្តទំនើបៗ កាន់តែច្រើន ខណៈដែលក្នុងខ្លួនលោកមានជំនាញជួសជុលប្រពន្ធ័អេឡិចត្រូនិចស្រាប់ ។

លោកបានបញ្ជាក់បន្ថែមថា បន្ទាប់បញ្ចប់ការសិក្សាទៅលើទ្រឹស្តីនៅក្នុងវិទ្យាស្ថាន ពហុបច្ចេកទេសខេត្តកំពង់ស្ពឹរយៈពេល៣ខែជាង រួចមកសាលាបានរៀបចំឱ្យមកចុះ ហាត់ការ ការងារជួសជុលជាក់ស្តែងនៅក្នុង យានដ្ឋានរិនហេងរ៉ានេះបន្ត។

លោក ម៉ុម វុទ្ធី ប្រធានដេប៉ាតឺម៉ង់មេកានិចរថយន្តនៃវិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ស្ពឺ ចំនួនសិស្សដែលចូលមកទទួលការបណ្តុះនៅវិទ្យាស្ថានមានការកើនឡើង បន្ទាប់ពីគោលការរាជរដ្ឋាភិបាលដាក់ឱ្យដំណើរការវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ១លាន៥សែននាក់រួចមក ។ លោកបន្ថែមថា សិក្ខាកាមដែលទទួលការបណ្តុះ បណ្តាលនៅក្នុងវិទ្យាស្ថាន តាមការកំណត់រយៈពេល៤ខែទាំងទ្រឹស្តី និងការអនុវត្តន៍ការងារផ្ទាល់ ។

ជាមួយនិងឱកាសការងារសិក្សាដោយមិនគិតថ្លៃដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ទាំងគ្រូបណ្តុះបណ្តាលជំនាញ ម្ចាស់យានដ្ឋាន និងសិក្ខាកាមដែលទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជួសជុលរថយន្តសំណូមពរ ក៏ដូចជាអំពាវឱ្យយុវជនដែលមានអាយុចាប់ពី១៥ ឆ្នាំ ដល់៥០ ដែលមិនទាន់មានជំនាញនៅក្នុងខ្លួនមកចាប់យកឱកាសនេះឱ្យបានគ្រប់ៗគ្នា។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ១៤ ខែវិច្ឆិកាឆ្នាំ ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ឲ្យអនុវត្តជាផ្លូវការ នូវការបណ្ដុះបណ្ដាលជំនាញវិជាជីវៈ និងបច្ចេកទេស ដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានីភ័យចំនួន ១,៥សែននាក់ សិក្សាដោយឥតគិតថ្លៃ។

ជាក់ស្តែងនៅក្នុងជំហានទី១ សិស្ស ៣ម៉ឺននាក់ បានចុះឈ្មោះចូលរៀន ហើយសិស្សជិត ២ម៉ឺននាក់បានចូលរៀន ដែលនឹងបញ្ចប់នៅក្នុងខែឧសភា ដោយពួកគាត់កំពុង តែទទួលបាននូវការអនុវត្តន៍ផ្ទាល់នៅតាមរោងចក្រ សហគ្រាស និងយានដ្ឋាន ដែលទទួលកម្មសិក្សាការី ហើយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញនូវការប្រកាស ពីការចូលរៀន នៅក្នុងជំហានទី២ ឱ្យបានផុសផុល ៕

អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចន

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner