មន្រ្តីរដ្ឋាភិបាល អង្គការដៃគូ និងអ្នកជំនាញវិស្វរក ស្ថាបត្យករ ជួបពិភាក្សាគ្នា លើគម្រោងយុទ្ធសាស្ត្រប្រព័ន្ធត្រជាក់អកម្ម
ភ្នំពេញ៖ ក្រោមកិច្ចសហការជាមួយក្រសួងបរិស្ថាន អង្គការ UNEP និង UN-ESCAP វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) កាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ បានរៀបចំកិច្ចប្រជុំស្តីពីសហគមន៍សម្រាប់ការអនុវត្ត នៃគម្រោងយុទ្ធសាស្ត្រប្រព័ន្ធត្រជាក់អកម្ម សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា (Passive Cooling Strategies Community of Practice inaugural Meeting) ឬហៅថា ការចនាអាគារ ដែលមានលក្ខណៈ លំហូរខ្យល់ និងពន្លឺគ្រប់គ្រាន់ រួមទាំងការជ្រើសរើសប្រភេទសម្ភារៈបំពាក់ក្នុងអាគារសន្សំសន្ចៃអាគ្គីសនី បូករួមទាំងការធ្វើអោយបរិស្ថានជុំវិញអាគារ មានភាពបៃតង។ កិច្ចពិភាក្សានេះធ្វើឡើង នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ដោយមានការចូលរួមពីតំណាងក្រសួងបរិស្ថាន ក្រសួងដែនដី នគររូបនីយកម្មនិងសំណង់ តំណាងអង្គការ UNEP UNESCAP តំណាងក្រុមហ៊ុនវិស័យអចលទ្រព្យ Urbanland និង ប៉េង ហួត ក្រុមស្ថាបត្យកម្ម អ្នកជំនាញការជាតិ និងអន្តរជាតិ សរុបចំនួន ៣៥ រូប។
លោកស្រី Kim Roseberry, តំណាង គណៈកម្មការសង្គមនិងសេដ្ឋកិច្ចសម្រាប់អាស៊ី និង ប៉ាស៊ីហ្វិចនៃអង្គការសហប្រជាជាតិ (UN-ESCAP) បានថ្លែងនៅក្នុងកិច្ចសម្ភាសន៍ថា កិច្ចពិភាក្សាគ្នាដែលមានអ្នកជំនាញមកពីគ្រប់ផ្នែកពាក់ព័ន្ធ ដោយផ្តោតជាសំខាន់ទៅលើប្រព័ន្ធត្រជាក់អកម្ម គឺធ្វើឡើងស្របពេលដែលប្រទេសកម្ពុជា ក៏ដូចជាប្រទេសផ្សេងៗទៀត បាននិងកំពុងជួបប្រទះបញ្ហានៃកាកើនឡើងកំដៅ ។ លោកស្រីបន្ថែមថា នៅតាមផ្ទះ ឬនៅតាមអគារនីមួយ នៅដែលមានការកើន ឡើងកំដៅនេះហើយទើបធ្វើអោយមានការប្រើប្រាស់ម៉ាស៊ីនត្រជាក់កាន់តែច្រើន ដែលនិងធ្វើប៉ះពាល់កាន់តែធ្ងន់ធ្ងរទៅៗ ។
លោក Marco តំណាងកម្មវិធីបរិស្ថានសហប្រជាជាតិ(UNEP) បានលើកឡើងដែរថា ការកាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនត្រជាក់ គឺជាគំនិតផ្តោផ្តើមដោយអង្កការសុខភាពពិភពលោក។ លោកបន្ថែមថា កម្ពុជា គឺជាប្រទេសតំបូងគេដែលបានអនុវត្តទៅលើភាពត្រជាក់អកម្ម ឬហៅថា ការចនាអាគារ ដែលមានលក្ខណៈ លំហូរខ្យល់ និងពន្លឺគ្រប់គ្រាន់ រួមទាំងការជ្រើសរើសប្រភេទសំភារៈបំពាក់ក្នុងអាគារសន្សំសន្ចៃអាគ្គីសនី បូករួមទាំងការធ្វើអោយបរិស្ថានជុំវិញអាគារ មានភាពបៃតង ដែលត្រូវបានអនុវត្តន៍ឡើងតាំងពីអំឡុងឆ្នាំ១៩៥០មកម្លេះ ។
លោកបណ្ឌិត សារិន ប្រធានដេប៉ាតីម៉ង់ឧស្សាហកម្ម និងមេកានិច នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងជាសមាជិកនៃគម្រោងយុទ្ធសាស្ត្រប្រព័ន្ធត្រជាក់អកម្ម សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា បានលើកឡើងថា បើក្រលេមើលពីដើមមក ការសាងសង់ផ្ទះ ឬរចនាបទខ្មែរគឺសង្កត់ធ្ងន់ទៅលើការរចអាគារ ដែលមានលក្ខណៈ លំហូរខ្យល់ និងពន្លឺគ្រប់គ្រាន់ ខណៈដែលស្ថាបត្យកម្ម ឬអ្នកសាងសង់បច្ចុប្បន្ន ការសាងសង់ខ្លះហាក់ដូចជាមិនសូវយកចិត្តទុកដាក់ ទៅលើការប្រើប្រាស់បច្ចេកទេសទាំអស់នេះទេ ដែលធ្វើអោយមានតំរូវការប្រើប្រាស់ម៉ាស៊ីនត្រចាក់ច្រើន។
គួរបញ្ជាក់ផងដែរថា គំរោងនេះមានគោលបំណងដើម្បីចែករំលែកចំណេះដឹង ការរៀនសូត្រ និងកិច្ចសហប្រតិបត្តិការក្នុងការដាក់បញ្ចូលយុទ្ធសាស្ត្រប្រព័ន្ធត្រជាក់អកម្មទៅក្នុងការអនុវត្តការរចនាស្ថាបត្យកម្ម និងការរៀបចំទីក្រុង ដោយផ្តោតលើ៖ ការផ្តល់ភាពងាយស្រួលដល់អ្នកសាងសង កាត់បន្ថយតម្រូវការប្រព័ន្ធត្រជាក់នៅក្នុងអគារ រួមទាំង ប្រយុទ្ធប្រឆាំង កំដៅក្នុងទីក្រុង ផងដែរ។
កិច្ចប្រជុំនេះជាផ្នែកមួយនៃការអនុវត្តន៍គម្រោង« យុទ្ធសាស្ត្រប្រព័ន្ធអកម្មត្រជាក់នៅកម្ពុជា» ដែលមានគោលដៅក្នុងការកាត់បន្ថយតម្រូវការថាមពល និងការកាត់បន្ថយបញ្ចេញឧស្ម័នផ្ទះកញ្ចក់ តាមរយៈវិធីសាស្ត្រត្រជាក់អកម្មក្នុងសំណងអាគារ។ គម្រោងនេះ ដឹកនាំដោយក្រសួងបរិស្ថាន សហការជាដៃគូដោយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) គាំទ្រការអនុវត្តពីអង្គការសហប្រជាជាតិសេដ្ឋកិច្ច និងគណៈកម្មការសង្គមសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (ESCAP) និងបរិស្ថានអង្គការសហប្រជាជាតិកម្មវិធី (UNEP) ៕
ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា