រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នឹងបើកទំព័រថ្មីក្នុងវិស័យ សំណង់ នៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញពី មហិច្ឆតា លើវិស័យស្ថាបត្យកម្ម វិស្វកម្ម សំណង់ និងនគរូប នីយ កម្មនៅកម្ពុជា ដែលជាសំណង់ពោរពេញដោយជីវិតរស់ រវើក និងចង់ឱ្យទីក្រុង ប្រកបទៅដោយវប្បធម៌ អរិយធម៌ ទំនៀម ទម្លាប់ និងប្រពៃណី ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំកំណត់ភារកិច្ច និងទិសដៅការងារ របស់អគ្គនាយកដ្ឋានសំណង់ មន្ទីរពិសោធន៍ជាតិសំណង់ និង ក្រុមប្រឹក្សា ជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ កាលពីថ្ងៃ ទី១៣ ខែឧសភា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងឯកឧត្តម ឧបនាយក រដ្ឋមន្ត្រី សាយ សំអាល់ បានបន្តដោយណែនាំឱ្យ គិតគូរដល់ឧស្សាហកម្មអចលនទ្រព្យ ឧស្សាហកម្មគ្រឿងបង្គុំ សំណង់ ដែលនឹង មានតម្រូវការ ច្រើននាពេលខាងមុខ។លោកក៏បានជំរុញដល់អគ្គនាយកដ្ឋានសំណង់ មន្ទីរពិសោធន៍ ជាតិសំណង់ និងក្រុមប្រឹក្សា ជាតិបទបញ្ញត្តិ បច្ចេក ទេសសំណង់ ត្រូវត្រៀមខ្លួនក្នុងការរៀបចំបទបញ្ញត្តិផ្សេងៗទាក់ទងនឹងសំណង់ និងត្រៀមខ្លួនអនុវត្តការងារ ជាច្រើន ទៀត នាពេលខាងមុខ ស្របតាមតួនាទីភារកិច្ចរៀងៗខ្លួន និងស្របតាមផែនការដែល ក្រសួងបានកំណត់សំដៅ ជំរុញឱ្យ វិស័យសំណង់ នៅកម្ពុជាកាន់ តែ មានភាពរីកចម្រើន។
សូមជម្រាបថា កិច្ចប្រជុំខាងលើបានធ្វើឡើងក្នុងគោលបំណង ដើម្បីត្រួសត្រាយផ្លូវទៅមុខសម្រាប់ក្រសួងរៀបចំដែនដី នគរូប នីយកម្ម និងសំណង់ ។អ្វីដែលក្រសួងបានអនុវត្តកន្លងមក គឺជាមោទនភាពរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំង អស់ ក្រោមឱវាទក្រសួង ប៉ុន្តែតទៅមុខទៀតនៅមានកិច្ចការ លំបាកស្មុគស្មាញជាច្រើនទៀតដែលត្រូវរួមគ្នាអនុវត្ត ។
ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា ក្នុងន័យនេះ យើង ត្រូវស្វែងរកវិធីសាស្រ្តរួម ដើម្បីសម្រួចការអនុវត្ត ការងារឱ្យ ចំទិសដៅ ដែល ក្រសួងបានកំណត់ និង ស្របតាមការចង្អុល បង្ហាញរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយយើងនឹងត្រូវបើក ទំព័រថ្មីលើវិស័យស្ថាបត្យ កម្ម វិស្វកម្ម សំណង់ និងនគរូបនីយ កម្ម៕
ដោយ៖ គ្រី សម្បត្តិ