រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ គោលនយោបាយកសិកម្មរបស់កម្ពុជា គឺធ្វើយ៉ាងណាឱ្យមានហូប មានបាន មានប្រើ និងមានរហូត តាមរយៈការជំរុញសហគមន៍កសិកម្មទំនើប

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ បានជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម Linkham DOUANGSAVANH រដ្ឋមន្ត្រីក្រសួងកសិកម្ម និងព្រៃឈើ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅទីស្តីការក្រសួងកសិកម្ម ។

ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ឡាវ ដោយចំពោះការរៀបចំអនុស្សរណៈនៃការយោគយល់គ្នា MOU រវាងក្រសួងទាំងពីរ ផ្ដោតសំខាន់លើការចិញ្ចឹមត្រីទឹកសាប ការគ្រប់គ្រងនិងរៀបចំដីព្រៃឈើនិងកសិកម្ម ការផលិតស្រូវ និងការផ្ដោះផ្ដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ បើតាម ឯកឧត្តម ឌិត ទីណា MOU នេះ ត្រូវរៀបចំដោយគិតគូរឱ្យបានច្បាស់លាស់ ទាំងផ្នែកបច្ចេកទេស នយោបាយ និងសេដ្ឋកិច្ច ធ្វើយ៉ាងណាឱ្យវិស័យកសិកម្មរវាងប្រទេសទាំងពីរ ផ្ដល់ផលចំណេញ និងបំពេញបន្ថែមគ្នាទៅវិញទៅមក។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ទៅកាន់សមភាគីឡាវអំពីគោលនយោបាយកសិកម្មរបស់កម្ពុជា គឺធ្វើយ៉ាងណាឱ្យមានហូប មានបាន មានប្រើ និងមានរហូត តាមរយៈការជំរុញសហគមន៍កសិកម្មទំនើប ការកាត់បន្ថយថ្លៃដើមផលិត និងមានតម្លៃបន្ថែមខ្ពស់ ទទួលបានផលចំណេញច្រើន។

ទាក់ទងនឹងពាណិជ្ជកម្មក្នុងវិស័យកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា គូសបញ្ជាក់ថា កិច្ចសហការប្រតិបត្តិការរវាងប្រទេសទាំងពីរ គឺបង្កើតឱ្យមានការដោះដូរទំនិញ និងបំពេញបន្ថែមឱ្យគ្នា ជាជាងប្រកួតប្រជែងគ្នា។ ឯកឧត្តម ក៏បានលើកឡើងអំពីលទ្ធភាពនៃការសហការជាមួយភាគីឡាវ ដើម្បីផ្សារភ្ជាប់ខ្សែច្រវាក់តម្លៃជាមួយគ្នា ចាប់តាំងពីការដឹកជញ្ជូន ការប្រើប្រាស់ថាមពល និងការកែច្នៃ ដើម្បីផ្ដល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចដល់កសិករ និងពាណិជ្ជករនៃប្រទេសទាំងពីរ។

ភាគីទាំងពីរ បានបង្ហាញឆន្ទៈបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យបានកាន់តែជិតស្និទ្ធ ពិសេសគឺការពិនិត្យបន្ថែមលើសេចក្តីព្រាង MOU បន្ថែមធាតុចូលដែលបានពិភាក្សាគ្នានាពេលនេះ និងឈានទៅចុះ MOU ជាផ្លូវការរួមគ្នានៅក្នុងខែតុលា ឆ្នាំ២០២៤ ឬយ៉ាងយូរបំផុតនៅចុងឆ្នាំ២០២៤៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner