ទំនាក់ទំនងកម្ពុជា-ឥណ្ឌូនេស៊ី កំពុងស្ថិតលើផ្លូវវិជ្ជមាន
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃប្រទេសកម្ពុជានិងប្រទេសឥណ្ឌូនេស៊ី បានវាយតម្លៃដូចគ្នាចំពោះទំនាក់ទំនងការទូតនៃប្រទេសទាំងពីរថា កំពុងធ្វើដំណើរប្រកបដោយភាពវិជ្ជមាន។
នៅទីស្តីការក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងជំនួបជាមួយឯកឧត្ដម បណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូតថ្មី នៃប្រទេសឥណ្ឌូណេស៊ី ប្រចាំកម្ពុជា។
ក្នុងជំនួបនោះឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានលើក ឡើងថា ឯកអគ្គរដ្ឋទូតអាណត្តិមុនៗសម្រេចបានក្នុង ការ ពង្រឹង និង លើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-ឥណ្ឌូណេស៊ី ។ប្រមុខក្រសួងមហាផ្ទៃកម្ពុជារំពឹងថា ក្នុងអាណត្តិ បេសកកម្មការទូតនៅកម្ពុជា ឯកឧត្ដម បណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ នឹងបន្តគាំទ្រ និងរួមចំណែកដល់ ការលើក កម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឥណ្ឌូ ណេស៊ី និងឥណ្ឌូណេស៊ី-អាស៊ាន ឱ្យកាន់តែប្រសើរឡើង ថែម ទៀតលើគ្រប់វិស័យ ។
ចំណែកឯកឧត្ដមបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ បាន បង្ហាញ នូវការជឿជាក់ដែរថា ក្រោមការ ដឹកនាំរបស់ឯកឧត្ដម អភិ សន្តិបណ្ឌិត ក្រសួងមហាផ្ទៃកម្ពុជានឹងបន្តរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាជន នៃប្រទេសកម្ពុជា ។
ឯកឧត្ដម បណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះសមត្ថកិច្ច កម្ពុជា និងស្ថាប័នពាក់ព័ន្ធ ដែលតែងតែផ្ដល់កិច្ចសហការ និងយកចិត្ត ទុកដាក់សម្របសម្រួលដល់ការគាំពារពលរដ្ឋ ឥណ្ឌូណេស៊ី កំពុងរស់នៅកម្ពុជា ៕
ដោយ៖គ្រី សម្បត្តិ