ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ៖ កម្ពុជា បានឈានដល់ការមានហូបគ្រប់គ្រាន់ កំពុងជួយឱ្យប្រជាជន មានបាន មាននិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន
(ភ្នំពេញ)៖ ការស្រាវជ្រាវពិតជាមានសារៈសំខាន់ ខណៈដែលកំណើនប្រជាជនពិភពលោកបន្តកើនឡើង ដែលការណ៍នេះទាមទារឱ្យមានការវិវត្តន៍ ដើម្បីឆ្លើយតបនឹងតម្រូវការស្បៀងអាហារ និងអាហារូបត្ថម្ភឱ្យបានគ្រប់គ្រាន់ ។ ដោយឡែក កម្ពុជា បានឈានដល់ការមានហូបគ្រប់គ្រាន់ និងកំពុងធ្វើយ៉ាងណាជួយឱ្យប្រជាជនកម្ពុជាមានបាន ព្រមទាំងមាននិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ។
នេះគឺជាការលើកឡើងរបស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំពិភាក្សាលើការងារស្រាវជ្រាវកសិកម្ម និងការរៀបចំរាជបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម ។
បើតាម ឯកឧត្តម ឌិត ទីណា ការស្រាវជ្រាវលើគ្រប់អនុវិស័យទាំងអស់ ត្រូវមានគោលការណ៍ជាក់លាក់ គ្រប់ជ្រុងជ្រោយ និងទូលំទូលាយ ទាំងក្នុងផ្នែកសេដ្ឋកិច្ច និងបរិស្ថាន។ ដូច្នេះហើយ ការវិនិយោគលើការស្រាវជ្រាវទាមទារឱ្យ អ្នកអនុវត្តប្រើប្រាស់ថវិកាឱ្យចំគោលដៅ ផ្ដល់ផលវិជ្ជមាន ចំណាយតិច មិនបន្ថែមបន្ទុកដល់កសិករ ផ្ដោតជាចម្បងលើនិរន្តរភាពសេដ្ឋកិច្ច ស្របតាមគោលនយោបាយអាទិភាពដែលដាក់ចេញដោយរាជរដ្ឋាភិបាល។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះដៃគូអភិវឌ្ឍន៍នានា ដែលកំពុងបន្តចូលរួមគាំទ្រការងារគោលនយោបាយអាទិភាព និងយុទ្ធសាស្ត្រ ដែលជាដំណើរការដ៏ត្រឹមត្រូវ ដើម្បីជួយដល់កសិករមាននិរន្តរភាពសេដ្ឋកិច្ច ហើយអាចជួយដល់បរិស្ថាន និងធនធានធម្មជាតិផង៕
ប្រភព ៖ ក្រសួងកសិកម្ម