អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាឆ្លើយតបទៅនឹងការលើកឡើងរបស់អង្គការសង្គមស៊ីវិលមួយចំនួនតូចរឿងចាប់ខ្លួនប្រធានគណបក្សកម្លាំងជាតិ
ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ប៉ា ប៉ុណ្ណារ៉ាដា បានបញ្ជាក់ថា ការលើកឡើងរបស់ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនតូច និងអ្នកតាមដានសង្គមថា ការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ បង្ហាញពីការរឹតត្បិតសេរីភាពនៃការបញ្ចេញមតិ និងលំហសេរីភាពនយោបាយនៅកម្ពុជា គឺជាការមិនត្រឹមត្រូវនោះទេ។
អ្នកនាំពាក្យរូបនេះបានបន្តថា ការប្រើប្រាស់សេរីភាពនៃការបញ្ចេញមតិ គឺមិនត្រូវឱ្យប៉ះពាល់ទៅដល់កិត្តិយសអ្នកដទៃ និងមិនត្រូវបង្កភាពវឹកវរចលាចល ប៉ះពាល់ទៅដល់សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈដោយចេតនាទុចរិតណាមួយ ដែលអំពើទាំងនេះ វាមិនមែនជាការអនុវត្តនៅសិទ្ធិសេរីភាពនៃការបញ្ចេញមតិនោះទេ ប៉ុន្តែវាគឺជាការប្រព្រឹត្តបទល្មើស។ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា ការអនុវត្តរបស់តុលាការទៅលើនីតិវិធីរបស់តុលាការ វាមិនមែនជាការរំលោភបំពានទៅលើសេរីភាពនៃការបញ្ចេញមតិនោះទេ ប៉ុន្តែជាការអនុវត្តនៅច្បាប់នីតិវិធីរបស់តុលាការ ដែលមានចែងនៅក្នុងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
ចំណែកលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការលើកឡើងរបស់អ្នកវិភាគ អ្នកនយោបាយ និងក្រុមអង្គការសង្គមស៊ីវិលដែលថា ការចាប់ខ្លួនសកម្មជននយោបាយ និងថ្នាក់ដឹកនាំគណបក្សនយោបាយសុទ្ធតែជារឿងនយោបាយនោះ វាមិនមានលក្ខណៈវិទ្យាសាស្ត្រនោះទេ ប៉ុន្តែវាគឺជាទម្លាប់របស់ពួកគេទៅហើយ ដែលតែងតែភ្ជាប់ករណីព្រហ្មទណ្ឌទៅជារឿងនយោបាយ ដើម្បីសម្រាលនៅស្ថានការណ៍ ហើយដាក់បន្ទុកស្ថានការណ៍មកលើរាជរដ្ឋាភិបាល។ សូមកុំផ្សារភ្ជាប់ក្នុងន័យអវិជ្ជមាន ដើម្បីសម្រាលបន្ទុកខ្លួន ដើម្បីទម្លាក់បន្ទុកមកលើតួអង្គរាជរដ្ឋាភិបាល ឬក៏តុលាការធ្វើឱ្យមានការភាន់ច្រឡំ។ គួរតែទទួលស្គាល់នៅអ្វីដែលយើងធ្វើសកម្មភាពឈានចូលទៅកម្រិតនៃបទល្មើសព្រហ្មទណ្ឌ”។ សូមជម្រាបថា សកម្មជន និងថ្នាក់ដឹកនាំគណបក្សនយោបាយដែលសមត្ថកិច្ចចាប់ខ្លួន គឺដោយសារតែពួកគេបានប្រព្រឹត្តបទល្មើសខុសនិងច្បាប់៕
ដោយ៖ពលជ័យ