អ្នកជិះកង់ប្រមាណ ៣០០នាក់ នឹងចេញដំណើរពីរាជធានីភ្នំពេញទៅកាន់ខេត្តសៀមរាប ដើម្បីរៃអង្គាសថវិកាសប្បុរសធម៌ជួយដល់មន្ទីរកុមារអង្គរ

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាទោក្រយានកម្ពុជា បានថ្លែងលើកឡើងថា ព្រឹត្តិការណ៍ជិះកង់រៃអង្គាសថវិកាសប្បុរសធម៌ជួយដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប នឹងចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែ មិថុនា ឆ្នាំ២០២៤ ដោយសហព័ន្ធទទួលពាក្យអ្នកចូលរួមជិះមកពីគ្រប់ខេត្តក្រុងប្រមាណជា ៣០០នាក់ប៉ុណ្ណោះ ។

លោក អគ្គលេខាធិការ អះអាងថា អ្នកចូលរួមជិះក្នុង ១នាក់តម្រូវឱ្យបង់ថវិការចំនួន ២៥ដល្លារ ហើយ សហព័ន្ធនិងផ្តល់ជូនជាអាវយឺតនិងមេដាយជាវត្ថុអនុស្សាវរីយ៌ជាការលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ផងដែរ។

សម្រាប់ព្រឹត្តិការណ៍ជិះកង់សប្បុរសធម៌នេះ ថវិកាដែលប្រមូលរៃអង្គាសបានពីអ្នកចូលរួមជិះកង់ទាំងអស់ មួយចំណែកយកមកទ្រទ្រង់សម្រាប់ការរៀបចំ និងមួយផ្នែកទៀត យកទៅជួយដល់មន្ទីរពេទ្យកុមារអង្គរដែលកំពុងខ្វះខាត។ ការរៀបចំព្រឹត្តិការណ៍ជិះកង់នេះដែរ ក្រៅពីរៃអង្គាសថវិកា វាក៏ជាផ្នែកមួយបំផុសស្មារតីចលនាកីឡាជិះកង់នៅកម្ពុជា និងចូលរួមក្នុងយុទ្ធនាការផ្សព្វផ្សាយឆ្នាំទស្សនាអង្គរជារួមចំណែកផ្សព្វផ្សាយសក្កានុពលទេសចរណ៍ខេត្តសៀមរាបទៅកាន់ឆាកជាតិនិងអន្តរជាតិ ។

លោក អគ្គលេខាធិការ នូ ចំរើន បានគូសបញ្ជាក់ទៀតថា សម្រាប់អ្នកចូលរួមជិះកង់ក្នុងព្រឹត្តិការណ៍ជិះកង់សប្បុរសធម៌រៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរនេះ នឹងចេញដំណើរនៅវេលាម៉ោង ៤ព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ចំណុចរង្វង់មូលជ្រោយចង្វា តាមផ្លូវជាតិលេខ៦A និងទៅដល់ខេត្តសៀមរាប នៅថ្ងៃទី២ ខែមិថុនា វេលាម៉ោង ២កន្លះរសៀល ។ អ្នកជិះកង់ទាំងអស់មានការនាំមុខដោយក្បួនឡានសារ៉ែនបើកផ្លូវរបស់កងរាជអាវុធហត្ថ និងឈប់សម្រាកចំនួន ១០ដំណាក់កាល ក្នុងនោះមានការផ្តល់ជាទឹក អាហារសម្រន់ជូនអ្នកជិះផងដែរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ជិះកង់សប្បុរសធម៌រៃអង្គាសថវិកាជួយមន្ទីរពេទ្យកុមារអង្គរនេះ ជាការរៀបចំលើកដំបូងសម្រាប់សហព័ន្ធកីឡាទោចក្រយាន ហើយ សហព័ន្ធក៏គ្រោងបង្កើតព្រឹត្តិការណ៍ជិះកង់សរៃអង្គាសថវិកាសប្បុរសមួយទៀតនៅអំឡុងខែធ្នូ ឆ្នាំ២០២៤ ដោយយកទៅជួយដល់មន្ទីរពេទ្យគុន្ធបុប្ផាវិញម្តង ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner