វៀតណាមត្រូវការ ១២ពាន់លានដុល្លារ លើហេដ្ឋារចនាសម្ព័ន្ធឡាន EV

ធនាគារនៅចក្រភពអង់គ្លេស HSBC បានចេញរបាយការណ៍នាពេលថ្មីៗនេះ ដោយបង្ហាញថា ប្រទេសវៀតណាមនឹងត្រូវចំណាយប្រហែល ១២.៣ ពាន់លានដុល្លារអាមេរិកសម្រាប់វិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរថយន្តអគ្គិសនី។ នៅពេលនេះបញ្ហាប្រឈមក្នុងឧស្សាហកម្មឡានអគ្គិសនីនៅវៀតណាមគឺ ស្ថានីយ៍សាកថ្មមិនមានច្រើន, ថ្មមានតម្លៃថ្លៃ និងតម្លៃរថយន្តខ្ពស់ ជាដើម។ នេះបើតាម VNexpress ។

យោងតាមក្រុមហ៊ុនថាមពលរដ្ឋដ៏ធំជាងគេ របស់វៀតណាម Electricity Vietnam បានឲ្យដឹងថា គ្រឿងបរិក្ខារសាកថ្មឡាន EV មានប្រហែល ១៥ម៉ឺនកន្លែង ភាគច្រើន នៅក្នុងអគារផ្ទះល្វែង, ផ្សារទំនើប ចំណតរថយន្ត និងស្ថានីយ៍ប្រេងឥន្ធនៈ។

របាយការណ៍របស់ធនាគារ HSBC ឲ្យដឹងថា ស្ថានីយ៍សាកថ្មនៅលើផ្លូវហាយវេ មានតិចតួច និងនៅឆ្ងាយ ហើយដូច្នេះ ការវិនិយោគលើស្ថានីយ៍ បន្ថែមទៀត នឹងជំរុញឱ្យអ្នកប្រើប្រាស់ កាន់តែច្រើន ខណៈដែលជម្រើសរថយន្ត EV នឹងក្លាយជាមធ្យោបាយធ្វើដំណើរចម្បង របស់ជនជាតិវៀតណាម។

ដើម្បីលើកកម្ពស់ការប្រើប្រាស់រថយន្ត EV រដ្ឋាភិបាលវៀតណាមកំពុង ឧបត្ថម្ភធន កាត់បន្ថយពន្ធនាំចូល និងមិនគិតថ្លៃ លើការចុះបញ្ជីរថយន្ត ថ្លៃសម្រាប់អ្នកប្រើប្រាស់ ជាដើម។

ក្រុមហ៊ុន VinFast កំពុងធ្វើការជាមួយក្រុមហ៊ុនផលិតអាគុយចិន Gotion High-Tech ដើម្បីបង្កើតប្រភេទអាគុយលីចូម ជាច្រើនប្រភេទ និងសាងសង់រោងចក្រថ្មចំនួនពីរ ដែលត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមដំណើរការ នៅត្រីមាសទី៣ ឆ្នាំនេះ។ កាលពីខែមុន ក្រុមហ៊ុនផលិតរថយន្ត EV របស់ចិន Chery Automobile បានប្រកាសពីការសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីនៅខេត្ត Thai Bin របស់វៀតណាម ដែលអាចនឹងចាប់ផ្តើមប្រតិបត្តិការ នៅត្រីមាសទីមួយ នៃឆ្នាំ២០២៦ និងអាចនឹងផលិតរថយន្ត បាន២០ម៉ឺនគ្រឿងក្នុងមួយឆ្នាំ៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner