ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា៖ សភាអឺរ៉ុបនិងរដ្ឋសភាកម្ពុជានឹងមានកិច្ចសហប្រតិបត្តិការគ្នាកាន់តែល្អប្រសើរ និងស៊ីជម្រៅ

ភ្នំពេញ៖ ឯកឧត្តម អ៊ីហ្គោរ៍ ទ្រីសម៉ាន់ (Igor DRIESMANS) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា បានបញ្ជាក់ថា សភាអឺរ៉ុបនិងរដ្ឋសភាកម្ពុជានឹងមានកិច្ចសហប្រតិបត្តិការគ្នាកាន់តែល្អប្រសើរ និងស៊ីជម្រៅ។ រដ្ឋសភាកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចរដ្ឋសភាធិបតី នឹងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយសភាអឺរ៉ុបកាន់តែខ្លំាងក្លា និងស៊ីជម្រៅថែមទៀត ដើម្បីនាំមកនូវផលប្រយោជន៍ដល់ប្រជាជននិងប្រទេសជាតិទំាងសងខាង។ ការបញ្ជាក់នេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។

ឯកឧត្តម អ៊ីហ្គោរ៍ ទ្រីសម៉ាន់ បានសម្តែងការអបអរសាទរដែល សម្តេចរដ្ឋសភាធិបតី ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភា និងជាស្រ្តីទី១នៅកម្ពុជា ដែលទទួលបានតំណែងដ៏សំខាន់នេះ។ ឯកឧត្តមបានជម្រាបជូនសម្តេចប្រធានរដ្ឋសភាថា នៅខែមិថុនាខាងមុខនេះ អឺរ៉ុបនឹងបោះឆ្នោតជ្រើសតំាងសមាជិកសភាអាណត្តិថ្មី ដូច្នេះឯកឧត្តមសង្ឃឹមថា សភាអឺរ៉ុបនិងរដ្ឋសភាកម្ពុជានឹងមានកិច្ចសហប្រតិបត្តិការគ្នាកាន់តែល្អប្រសើរ និងស៊ីជម្រៅ។ ឯកឧត្តមក៏បានលើកឡើងពីតួនាទីសំខាន់ៗរបស់រដ្ឋសភា នៅក្នុងការដឹកនាំប្រទេសជាតិ ដោយសារសមាជិកសភាត្រូវបានជ្រើសរើសដោយផ្ទាល់ពីប្រជាពលរដ្ឋ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី មានក្តីសោមនស្សរីករាយ បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ និងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តម អ៊ីហ្គោរ៍ ទ្រីសម៉ាន់ និងសហការី ដែលបានអញ្ជើញមកកាន់វិមានរដ្ឋសភា។ សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះសហភាពអឺរ៉ុបដែលបានជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ រួមចំណែកដ៏សំខាន់និងមានតម្លៃដល់ការស្តារ កសាងសុខសន្ដិភាព និងអភិវឌ្ឍប្រទេសកម្ពុជា នាពេលកន្លងមក រហូតដល់ពេលបច្ចុប្បន្ន។ ជាមួយគ្នានេះ សម្តេចក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសហភាពអឺរ៉ុប ដែលបានគាំទ្រផែនការ “យុទ្ធសាស្ត្ររួមរបស់អឺរ៉ុបស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជា” ឆ្នាំ២០២១ ដល់ ២០២៧ ដែលមានទឹកប្រាក់សរុបចំនួន១៥៥លានអឺរ៉ូ ដោយផ្ដោតសំខាន់លើការអភិវឌ្ឍបៃតង និងការងារបៃតង ការអភិវឌ្ឍវិស័យអប់រំនិងជំនាញ ព្រមទាំងអភិបាលកិច្ច។

សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា កម្ពុជា និងសហភាពអឺរ៉ុបមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាតាំងពីទសវត្សរ៍ឆ្នាំ១៩៩០ មក ហើយទំនាក់ទំនងមានភាពល្អប្រសើរ ផ្អែកលើការគោរពគ្នា ជឿជាក់គ្នា និងយោគយល់គ្នាទៅវិញទៅមក ព្រមទាំងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជានឹងបើកទ្វារចំហជានិច្ចដើម្បីជួបពិភាក្សា និងធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថានទូតអឺរ៉ុប ក៏ដូចជាជំនួបរវាងគណៈកម្មការជំនាញនានារបស់សភាអឺរ៉ុបនិងរដ្ឋសភាកម្ពុជា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរបទពិសោធន៍ និងការពូនជ្រំ លើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីផលប្រយោជន៍រួមទំាងសងខាង។ បន្ថែមនេះទៀត សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ពីតួនាទីកម្ពុជា ដែលជាសមាជិកដ៏សកម្មមួយ ទាំងនៅក្នុងក្របខណ្ឌអាស៊ាន និងក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ហើយក៏ជាសមាជិក នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP)ផងដែរ។ ដូចនេះ កម្ពុជាអាចដើរតួនាទីជាស្ពានមួយ ក្នុងការតភ្ជាប់ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងសហគមន៍អឺរ៉ុប អាស៊ាន និងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

ជំនួបពិភាក្សានាឱកាសនេះ បានប្រព្រឹត្តទៅដោយបើកចំហនិងក្នុងបរិយាកាសស្និទ្ធស្នាលជាទីបំផុត ដោយបានលើកឡើងពីបញ្ហាប្រឈមសកល នៅក្នុងបរិបទដែលកំពុងប្រឈមនឹងជម្លោះ ការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ ព្រមទំាងការប្រឈមបញ្ហាសុខភាពសាធារណៈ ការប្រែប្រួលអាកាសធាតុ និងការរាតត្បាតជំងឺឆ្លងនានា។ ភាគីទំាងពីរបានវាយតម្លៃខ្ពស់ថា ស្ថិតនៅក្នុងបរិបទស្មុគស្មាញនេះ ការពង្រឹងប្រព័ន្ធពហុនិយមដោយផ្អែកលើច្បាប់ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិជាការចាំបាច់។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានស្នើដល់សហភាពអឺរ៉ុបបន្តគំាទ្រដល់ការអភិវឌ្ឍនៅកម្ពុជាដូចជាវិស័យកសិកម្ម ការអប់រំ សុខាភិបាល ការលើកកម្ពស់សមភាពយេនឌ័រ ការកសាងធនធានមនុស្ស ការវិនិយោគ និងទេសចរណ៍ ជាដើម។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងពីការធ្វើកំណែទម្រង់ស្ថាប័នរដ្ឋសភាទៅជារដ្ឋសភាឌីជីថល ដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ។ សម្តេចបានជម្រាបឯកឧត្តមឯកអគ្គរដ្ឋទូតថា នៅក្នុងចំណោមគណៈកម្មការទាំង១០របស់រដ្ឋសភា មានគណៈកម្មការមួយទទួលបន្ទុកវិស័យសិទ្ធិមនុស្ស ដែលនេះជាប្រការល្អមួយ នៅក្នុងការចូលរួមចំណែកដោះស្រាយសំណូមពរពលរដ្ឋ។ នៅសភាបណ្តាប្រទេសជាច្រើននៅលើសកលលោក មិនមានគណៈកម្មការសិទ្ធិមនុស្សដូចកម្ពុជានេះទេ។ សម្តេចប្រធានរដ្ឋសភា បានបញ្ជាក់ថា កម្ពុជាគំាទ្រ គម្រោងច្រកទ្វារសកល(Global Gateway) ដែលផ្តោតលើ “ការអប់រំបៃតង និងការងារឌីជីថល” នឹងទាក់ទាញការវិនិយោគដែលជួយឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសរីកចម្រើន និងជាប្រយោជន៍ដល់យុវជនកម្ពុជាផងដែរ៕
ដោយ៖ពលជ័យ
រូបភាព៖រដ្ឋសភា

ads banner