ប្រធានសហព័ន្ធទាញព្រ័ត្រជំរុញឱ្យរួមគ្នាអភិរក្ស និងអភិវឌ្ឍជំនាញកីឡានេះឱ្យកាន់តែរីកចម្រើន

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹក និងអាជ្ញាកណ្តាលកីឡាទាញព្រ័ត្រថ្នាក់ជាតិ លើកទី២ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី១៥ ខែឧសភានេះ នៅសាលមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ឯកឧត្តម មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានជំរុញឱ្យអ្នកពាក់ព័ន្ធ រួមទាំងគ្រូបង្វឹក និងអាជ្ញាកណ្តាលកីឡាទាំងព្រ័ត្ររួមគ្នាប្រឹងប្រែងអភិរក្ស និងអភិវឌ្ឍជំនាញកីឡានេះឱ្យបានល្អប្រសើរ សម្តៅជំរុញដល់ការអភិវឌ្ឍកីឡាទាញព្រ័ត្រឱ្យកាន់តែរីកចម្រើន។

ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រមានប្រសាសន៍គូសបញ្ជាក់ទៀតថា ក្នុងនាមជាអ្នកជំនាញទាញព្រ័ត្រត្រូវខិតខំអភិរក្ស និងអភិវឌ្ឍល្បែងទាញព្រ័ត្រ ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ខណៈកីឡាទាញព្រ័ត្រ ដែលត្រូវបានអភិវឌ្ឍតាមបែបទំនើបនេះក៏ឯកឧត្តមប្រធានសហព័ន្ធជំរុញឱ្យសិក្ខាកាមប្រឹងប្រែងដុសខាត់ជំនាញឱ្យបានល្អ តាមរយៈពង្រីកចំណេះដឹងយកទៅបណ្តុះបណ្តាលដល់កីឡាករ កីឡាការិនីឱ្យមានជំនាញច្បាស់លាស់។

ឯកឧត្តម ក៏បានលើកទឹកចិត្តដល់គ្រូបង្វឹក និងអាជ្ញាកណ្តាល ដែលជាសិក្ខាកាមចូលរួមក្នុងវគ្គបណ្តុះបណ្តាលថ្នាក់ជាតិនេះត្រូវខិតខំក្រេបជញ្ជាក់ចំណេះដឹង ក្រោមការចែករំលែកពីគ្រូឧទ្ទេសប្រចាំវគ្គឱ្យបានហ្មត់ចត់ ដើម្បីយកចំណេះជំនាញនេះទៅអភិវឌ្ឍសមត្ថភាពឱ្យកាន់តែរឹងមាំបន្ថែមទៀត។

លោក ពៅ វណ្ណា ប្រធានការិយាល័យកីឡាខេត្តកណ្តាលនៃមន្ទីរអប់រំ យុវជន និងកីឡាបានបង្ហាញក្តីរីករាយ ដែលទទួលបានកិច្ចសហការរៀបចំវគ្គបណ្តុះបណ្តាលនៅខេត្តកណ្តាល ជាពិសេសគ្រូបង្វឹក និងអាជ្ញាកណ្តាលរបស់ខេត្តកណ្តាលក៏បានចូលរួមក្រេបជញ្ជក់ចំណេះដឹងក្នុងវគ្គនេះផងដែរ។

លោកក៏បានជំរុញឱ្យសិក្ខាកាមចូលរួមក្នុងវគ្គនេះគប្បីយកចិត្តទុកដាក់ និងត្រងត្រាប់ក្រេបជញ្ជក់ចំណេះដឹងពីគ្រូឧទ្ទេសឱ្យបានខ្ជាប់ខ្ជួន ដើម្បីពង្រឹងដល់ការពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីអភិវឌ្ឍឱ្យាកាន់តែប្រសើរផងដែរ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹក និងអាជ្ញាកណ្តាលកីឡាទាញព្រ័ត្រថ្នាក់ជាតិ លើកទី២ ឆ្នាំ២០២៤ បានដំណើរពីថ្ងៃទី១៣ នឹងបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា នៅសាលមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ដោយមានសិក្ខាកាម ៤៣នាក់ មកពីខេត្តកណ្តាល ២០នាក់ រាជធានីភ្នំពេញ ១០នាក់ និងមកពីសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាចំនួន ១៣នាក់ ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner