ឈប់ផលិតវ៉ាក់សាំងកូវីដ ដែលធ្លាប់សង្គ្រោះជីវិតមនុស្សរាប់លាន

បរទេស៖ ខណៈដែលតម្រូវការធ្លាក់ចុះ និងមានការសង្ស័យពីបញ្ហាកំណកឈាម
ក្រុមហ៊ុនផលិតឱសថអង់គ្លេស-ស៊ុយអែត AstraZeneca បានប្រកាសថា នឹងឈប់ផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលធ្លាប់បានសង្គ្រោះជីវិតមនុស្សរាប់លាននាក់ ជុំវិញពិភពលោក ប្រភេទនេះ។

អ្នកនាំពាក្យក្រុមហ៊ុន បាននិយាយ តាមរយៈសេចក្តីថ្លែងការណ៍មួយ កាលពីសប្តាហ៍មុនថា «យើងមានមោទនភាព មិនគួរឱ្យជឿ ចំពោះតួនាទីរបស់ វ៉ាក់សាំង AstraZeneca នៅក្នុងការបញ្ចប់ ជំងឺរាតត្បាតសកល»។

អ្នកនាំពាក្យរូបនេះបាននិយាយថា យោងតាមការប៉ាន់ស្មានដោយឯករាជ្យ មានមនុស្សជាង ៦លាន៥សែននាក់ ត្រូវបានសង្គ្រោះជីវិត ក្នុងឆ្នាំដំបូង នៃការផ្ទុះកូវីដ១៩ ហើយ វ៉ាក់សាំង AstraZeneca ជាងបីពាន់លានដូស ត្រូវបានផ្គត់ផ្គង់ នៅទូទាំងពិភពលោក។

អ្នកនាំពាក្យ AstraZeneca បាននិយាយទៀតថា ជំហានដំបូង ក្រុមហ៊ុនផ្តើមផ្អាកដំណើរការផលិត នៅក្នុងតំបន់អឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្វ្រិក មុនពេលធ្វើការ ជាមួយនិយតករផ្សេងៗទៀត នៅទូទាំងពិភពលោក។

យ៉ាងណាមិញ ពិភពលោកនៅតែប្រើវ៉ាក់សាំងបង្ការកូវីដ១៩ ប៉ុន្តែ បានងាកទៅរកវ៉ាក់សាំងប្រភេទបច្ចេកវិទ្យា mRNA ដែលផលិតដោយក្រុមហ៊ុនរបស់អាមេរិក Pfizer និងក្រុមហ៊ុន BioNTech របស់អាល្លឺម៉ង់ ពោលបន្ទាប់ពីបញ្ហាកំណកឈាមដ៏កម្រ ពីចាក់វ៉ាក់សាំង AstraZeneca នាំឲ្យបង្កើនការស្ទាក់ស្ទើរ ជាសាធារណៈ អំពីការប្រើប្រាស់វ៉ាក់សាំងប្រភេទនេះ ជាបន្តទៀត៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner