សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ៖ រដ្ឋសភាកម្ពុជា បើកទ្វារចំហជានិច្ច ធ្វើកិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប ដើម្បីផលប្រយោជន៍រួម

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា នៅព្រឹកថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ ឯកឧត្តម អ៊ីហ្គោរ៍ ទ្រីសម៉ាន់ (Igor DRIESMANS) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះសហភាពអឺរ៉ុបដែលបានជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ រួមចំណែកដ៏សំខាន់ និងមានតម្លៃដល់ការស្តារ កសាងសុខសន្ដិភាព និងអភិវឌ្ឍប្រទេសកម្ពុជា នាពេលកន្លងមក រហូតដល់ពេលបច្ចុប្បន្ន។

ជាមួយគ្នានេះ សម្តេចក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសហភាពអឺរ៉ុប ដែលបានគាំទ្រផែនការ “យុទ្ធសាស្ត្ររួមរបស់អឺរ៉ុបស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជា” ឆ្នាំ២០២១ ដល់ ២០២៧ ដែលមានទឹកប្រាក់សរុបចំនួន ១៥៥លានអឺរ៉ូ ដោយផ្ដោតសំខាន់លើការអភិវឌ្ឍបៃតង និងការងារបៃតង ការអភិវឌ្ឍវិស័យអប់រំ និងជំនាញ ព្រមទាំងអភិបាលកិច្ច ។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជា បើកទ្វារចំហជានិច្ចដើម្បីជួបពិភាក្សា និងធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថានទូតអឺរ៉ុប ក៏ដូចជាជំនួបរវាងគណៈកម្មការជំនាញនានារបស់សភាអឺរ៉ុប ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរបទពិសោធន៍ និងការពូនជ្រំ លើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីផលប្រយោជន៍រួមទាំងសងខាង។

សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា កម្ពុជា និងសហភាពអឺរ៉ុបមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាតាំងពីទសវត្សរ៍ឆ្នាំ១៩៩០ មក ហើយទំនាក់ទំនងមានភាពល្អប្រសើរ ផ្អែកលើការគោរពគ្នា ជឿជាក់គ្នា និងយោគយល់គ្នាទៅវិញទៅមក ព្រមទាំងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
បន្ថែមនេះទៀត សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ពីតួនាទីកម្ពុជា ដែលជាសមាជិកដ៏សកម្មមួយ ទាំងនៅក្នុងក្របខណ្ឌអាស៊ាន និងក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ហើយក៏ជាសមាជិក នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP)ផងដែរ។ ដូចនេះ កម្ពុជាអាចដើរតួនាទីជាស្ពានមួយ ក្នុងការតភ្ជាប់ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងសហគមន៍អឺរ៉ុប អាស៊ាន និងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

ឯកឧត្តម អ៊ីហ្គោរ៍ ទ្រីសម៉ាន់ បានសម្តែងការអបអរសាទរដែល សម្តេចរដ្ឋសភាធិបតី ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភា និងជាស្រ្តីទី១នៅកម្ពុជា ដែលទទួលបានតំណែងដ៏សំខាន់នេះ។ ឯកឧត្តមបានសម្តែងក្តីសង្ឃឹមថា រដ្ឋសភាកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចរដ្ឋសភាធិបតី នឹងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយសភាអឺរ៉ុបកាន់តែខ្លំាងក្លានិងស៊ីជម្រៅថែមទៀត ដើម្បីនាំមកនូវផលប្រយោជន៍ដល់ប្រជាជននិងប្រទេសជាតិទំាងសងខាង។

ឯកឧត្តមបានជម្រាប សម្តេចប្រធានរដ្ឋសភា ថា នៅខែមិថុនាខាងមុខនេះ អឺរ៉ុបនឹងបោះឆ្នោតជ្រើសតាំងសមាជិកសភាអាណត្តិថ្មី ដូច្នេះ ឯកឧត្តមសង្ឃឹមថា សភាអឺរ៉ុបនិងរដ្ឋសភាកម្ពុជានឹងមានកិច្ចសហប្រតិបត្តិការគ្នាកាន់តែល្អប្រសើរ និងស៊ីជម្រៅ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានស្នើដល់សហភាពអឺរ៉ុបបន្តគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជាដូចជាវិស័យកសិកម្ម ការអប់រំ សុខាភិបាល ការលើកកម្ពស់សមភាពយេនឌ័រ ការកសាងធនធានមនុស្ស ការវិនិយោគ និងទេសចរណ៍ ជាដើម។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងពីការធ្វើកំណែទម្រង់ស្ថាប័នរដ្ឋសភាទៅជារដ្ឋសភាឌីជីថល ដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ។

សម្តេចប្រធានរដ្ឋសភា បានបញ្ជាក់ថា កម្ពុជាគាំទ្រ គម្រោងច្រកទ្វារសកល(Global Gateway) ដែលផ្តោតលើ “ការអប់រំបៃតង និងការងារឌីជីថល” នឹងទាក់ទាញការវិនិយោគដែលជួយឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសរីកចម្រើន និងជាប្រយោជន៍ដល់យុវជនកម្ពុជាផងដែរ៕

ដោយ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner