ប្រជាពលរដ្ឋខ្មែរឈរត្រៀបត្រាស្វាគមន៍សម្តេចធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋកូរ៉េ
កូរ៉េ ៖ ទិដ្ឋភាពប្រជាពលរដ្ឋខ្មែរ រស់នៅសាធារណរដ្ឋកូរ៉េ កំពុងឈររង់ចាំស្វាគមន៍ ការអញ្ជើញមកដល់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤ ប្រកបដោយស្នាមញញឹម និងភាពស្និទស្នាល ។
ដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋកូរ៉េ រយៈពេល ៤ថ្ងៃនេះ គឺដើម្បីពង្រឹង ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាពិសេស ជំរុញការវិនិយោគ និងពាណិជ្ជកម្ម រវាងកម្ពុជា និងកូរ៉េខាងត្បូង ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជន ។
ក្នុងអំឡុង នៃដំណើរទស្សនកិច្ចនេះ សម្ដេចធិបតី នឹងអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខា លើកិច្ចការអភិវឌ្ឍសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ ហើយ សម្តេចនាយករដ្ឋមន្ត្រី ក៏នឹងជួបជាមួយក្រុមហ៊ុនកូរ៉េខាងត្បូង សំខាន់ៗមួយចំនួនផងដែរ ។
សូមជម្រាបថា កូរ៉េខាងត្បូង ឈរនៅលេខរៀងទី១៣ ក្នុង ចំណោមប្រទេស ដែលមានទំហំពាណិជ្ជកម្មធំជាមួយកម្ពុជា និងធ្លាប់ជាប្រទេសវិនិយោគធំលំដាប់ទី៥ នៅកម្ពុជា មុន វិបត្តិរាតត្បាតនៃជំងឺកូវីដ១៩ ។ ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េខាងត្បូង មានចំនួនជាង ៨០០លានដុល្លារ នៅឆ្នាំ២០២៣ ខណៈរយៈពេល ៤ខែ ឆ្នាំ២០២៤នេះ ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ មានទំហំជាង ២៥៦លានដុល្លារ កើនឡើងជាង ៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ ២០២៣ ដោយក្នុងនោះកម្ពុជា នាំចេញទៅកូរ៉េខាងត្បូង ភាគច្រើន ជាផលិតផលកសិកម្ម សម្លៀកបំពាក់ កៅស៊ូ និងគ្រឿងបង្គុំអេឡិចត្រូនិក។ ចំណែកឯកូរ៉េខាងត្បូង នាំចូលមកកម្ពុជាភាគច្រើន ជារថយន្ត គ្រឿងអេឡិចត្រូនិក ភេសជ្ជៈ និងឱសថ ។
គួរបញ្ជាក់ដែរថា ក្រៅពីជំនួបទ្វេភាគីជាមួយឯកឧត្តម ប្រធានាធិបតី យូន សុកយ៉ុល, ឯកឧត្តមនាយករដ្ឋមន្ត្រី ហាន់ ដុកស៊ូ (Han Duck-soo) និងឯកឧត្តមប្រធានរដ្ឋសភា គីម ជីនផ្សំ (Kim Jin-pyo) សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏នឹងជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ ផងដែរ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ ផេក