ក្រុមហ៊ុនចិនគ្រោងវិនិយោគ១០០លានដុល្លារលើវិស័យទឹកស្អាតនៅកម្ពុជា
ភ្នំពេញៈក្រុមហ៊ុន Hainan Litree Purifying Technology របស់ចិនមានគម្រោងវិនិយោគលើវិស័យទឹកស្អាតនៅកម្ពុជាដោយការចំណាយទុនខ្ទង់១០០លានដុល្លារអាមេរិក។ នេះបើយោងតាមលោកបណ្ឌិត ឆាយ យុនឡុង នាយកប្រតិបត្តិ និងជាតំណាងក្រុមហ៊ុនចិន។
ក្នុងជំនួបជាមួយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីពេលថ្មីៗនេះ លោក ឆាយ យុនឡុង លើកឡើងថា គម្រោងបណ្តាញទឹកស្អាតនេះនឹងប្រើបច្ចេកវិទ្យា UF Membrane ដែលអាចផ្គត់ផ្គង់ទឹកសម្រាប់តំបន់ប្រជុំជន និងអាចបំពេញតម្រូវការឧស្សាហកម្មក្នុងបរិមាណ ១១ ០០០ម៉ែត្រគូប/ថ្ងៃ។ លោកថា រហូតមកដល់ពេលនេះមានជាង៣លានគ្រួសារដែលទទួលបានទឹកស្អាតប្រើប្រាស់តាមរយៈបច្ចេកវិទ្យានេះ។
ឯកឧត្តម ហែម វណ្ណឌី រំពឹងថា បច្ចេកវិទ្យានេះនឹងជួយពង្រីកវិស័យទឹកស្អាតនៅកម្ពុជា ជាពិសេសនៅក្នុងតំបន់ដែលមិនទាន់មានសេវាគ្របដណ្តប់ទៅដល់ និងបានលើកទឹកចិត្តឲ្យក្រុមហ៊ុនសិក្សាលទ្ធភាពវិនិយោគនេះ និងស្វែងរកឱកាសបន្ថែមក្នុងការលក់ទឹកដុំសម្រាប់ប្រតិបត្តិករទឹកឯកជន។
ទូរទស្សន៍អប្សរាមិនទាន់អាចសុំព័ត៌មានលម្អិតពីការវិនិយោគនេះពីក្រុម Hainan Litree Purifying Technology នៅឡើយទេ គិតត្រឹមថ្ងៃអង្គារនេះ។
គួរសម្គាល់ថា ក្រៅពីហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រទេសកម្ពុជាក៏អាស្រ័យលើរដ្ឋាភិបាលចិនផងដែរលើវិស័យទឹកស្អាត។ ជាក់ស្តែង កន្លងមក ក្នុងដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិនកាលពីខែមេសាកន្លងទៅ រដ្ឋាភិបាលចិនផ្តល់ជំនួយឥតសំណង១៣លាន៥សែនដុល្លារសម្រាប់ជីកអណ្តូង ស្រះទឹកសហគមន៍ និងសង់សំណង់ការច្រាំង និងបន្ទប់បន្សុទ្ធទឹក ជាដើម។
គិតត្រឹមឆ្នាំ២០២៣ អត្រាគ្របដណ្តប់ទឹកស្អាតជនបទនៅកម្ពុជាបានជាង ៨៣ភាគរយប៉ុណ្ណោះ ហើយក្រសួងអភិវឌ្ឍន៍ជនបទដាក់ផែនការយុទ្ធសាស្ដ្រផ្គត់ផ្គង់ទឹកស្អាតឱ្យបាន ១០០% នៅឆ្នាំ២០៣០៕
ដោយ៖ ញ៉ែម សុផល