កម្ពុជាលក់អង្ករចេញតិចជាងវៀតណាម អ្នកជំនាញមើលឃើញចំណុចខ្វះខាត
ភ្នំពេញៈក្នុងរយៈពេលបួនខែដើមឆ្នាំ២០២៤នេះ ចំណូលពីការលក់អង្ករចេញទៅក្រៅប្រទេសរបស់កម្ពុជា បានជាង ១៧០លានដុល្លារ ខណៈដែលវៀតណាម លក់អង្ករចេញបានពីរពាន់លានដុល្លារអាមេរិក។ ទោះជាយ៉ាងណា ការនាំអង្ករទៅកាន់ទីផ្សារអន្តរជាតិរបស់កម្ពុជា មានសន្ទុះកើនឡើងរហូតដល់ ៣០ភាគរយ។ នេះបើយោងតាម ឯកឧត្តម បណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានប្រាប់ ទូរទស្សន៍អប្សារានៅដើមសប្តាហ៍នេះ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យកម្ពុជា លើកឡើងថា កម្ពុជាមិនអាចប្រជែងជាមួយវៀតណាម ក្នុងការនាំចេញស្រូវអង្ករបានទេ ព្រោះកម្ពុជា មានផ្ទៃដីកសិកម្មតូច បើធៀបនឹងវៀតណាម។
យោងតាម ព័ត៌មាន ផ្លូវ ការពីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម នៅឆ្នាំ២០២៤ វៀតណាម មានផែនការរក្សាផ្ទៃដីដាំដុះស្រូវជាង ៧លានហិកតា និងត្រូវនាំចេញអង្ករជាង ៨លានតោន។ កាលពីឆ្នាំ ២០២៣ វៀតណាម រកចំណូល បាន ៤ ៧០០លានដុល្លារ ពីការនាំចេញអង្ករ។
ចំណែកកម្ពុជា ការនាំចេញអង្ករកាលពីឆ្នាំមុន បានជាង៦ម៉ឺនតោន កើន ៣% ដែលគិតជាទឹកប្រាក់បានចំនួន៤៦៦ លានដុល្លាអាមេរិក។ ប៉ុន្តែ កម្ពុជា បាន ដាក់ ផែនការនាំអង្ករចេញទៅ លក់ ក្រៅ ប្រទេស ចំនួន មួយលាន តោន ក្នុង មួយឆ្នាំ គឺតិចជាង វៀតណាម ចំនួន ៨ ដង។ យោងតាមរបាយការណ៍ របស់ ក្រសួង កសិកម្ម ក្នុងមួយឆ្នាំ កម្ពុជាអាចផលិតស្រូវបានជាង ១២ លានតោន ឬផលិតជាអង្ករបានជាង ៧លានតោន។
សម្រាប់ លោក បណ្ឌិត គី សេរីវឌ្ឍន៍ ការ ដាំដុះ ដំណាំ ស្រូវ ដែល ត្រូវ ចំណាយ ទុន ច្រើន នៅ កម្ពុជា ក៏ជាឧប សគ្គ សម្រាប់ ការ ប្រកួត ប្រជែង សម្រាប់ នាំអង្ករទៅកាន់ទីផ្សារអន្តរជាតិ ដែរ។
នៅ ក្នុង សន្និបាត បូកសរុប ការងារក្រសួង កាលពី ពេលថ្មីៗនេះ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងកសិកម្ម ឌិត ទីណា ទទួលស្គាល់ថា ផលិតកម្មស្រូវនៅ កម្ពុជាប្រឈម នឹង ថ្លៃដើម ខ្ពស់ ហេ ដ្ឋា រចនាសម្ព័ន្ធ គាំទ្រ ផលិតកម្ម នៅមានកម្រិត ដូចជា ខ្វះ ខាតប្រព័ន្ធ ស្រោចស្រព ដែល ចំណាយ ទាប ឡស ម្ងួ ត ឃ្លាំង ស្តុក ទូ ត្រជាក់ ហេដ្ឋារចនាសម្ព័ន្ធ កែច្នៃ ជាដើម។ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច មើលឃើញថា កម្ពុជានៅទុន ខ្សោយផ្នែកប្រព័ន្ធធានាសាស្រ្ត ដើម្បីបង្កើនការដាំដុះឱ្យមានប្រសិទ្ធភាព។
លោក សុខ សុថា នាយកប្រតិបត្តិសហព័ន្ធស៊ីហ្វាបកម្ពុជា ដែលជំនាញផ្នែកកសិកម្ម ផ្តល់ យោបល់ថាកម្ពុជា ត្រូវតែបង្កើនរោងម៉ាស៊ីនកិនស្រូវខ្នាតធំ បង្កើនទុនធ្វើឃ្លាំងទិញស្រូវស្តុកទុក និងត្រូវមានគោលនយោបាយតម្លៃអគ្គិសនីកសិកម្ម ដែលអាចប្រកួតប្រជែងជាមួយប្រទេសជិតខាង ពិសេសថ្លៃដឹកជញ្ជូន កែច្នៃ និងវេចខ្ចប់៕
ដោយៈទួន សុផល (Apsara Tonight)