ប្រជាសហគមន៍ រកចំណូលបាន ៣០០លានរៀល ពីផលផ្លែសំរង
ភ្នំពេញៈក្នុងមួយរដូវ ប្រជាសហគមន៍ភ្នំទ័ពជាង ខេត្តកោះកុង អាចរកចំណូលពីការប្រមូលផលផ្លែសំរង បានប្រមាណ ៣២០ លានរៀល ឬស្មើនឹងប្រមាណ ៨០ ០០០ ដុល្លារអាមេរិក។ នេះបើយោងតាមលោក ឡុង ណេត អនុប្រធានសហគមន៍ភ្នំទ័ពជាង។ រដូវប្រមូលផលផ្លែសំរង មានរយៈពេលបីខែ គឺ ខែកុម្ភៈ មីនា និង ខែមេសា។
សហគមន៍ភ្នំទ័ពជាង ស្ថិតក្នុង ភូមិព្រះអង្គកែវ និងភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ សហគមន៍ ជនជាតិ ដើម ភាគតិច នេះ មាន ១៧ គ្រួសារ និងមានសមាជិក សរុប ៤០ នាក់។
យោងតាម លោក ឡុង ណេត អនុប្រធានសហគមន៍ លើកឡើងថា ផ្លែសំរ៉ង មួយ គីឡូ ឈ្មួញ ទិញ ពី ប្រជា សហគមន៍ ក្នុង តម្លៃ ១៥ ០០០ រៀល។ ប្រជាពលរដ្ឋ ម្នាក់ អាច បេះ ឬរើសផ្លែ សំរង បាន រហូត ដល់ ប្រាំបីគីឡូ ក្រាម ក្នុង មួយ ថ្ងៃ សម្រាប់ ពេល ដែល សម្បូរផ្លែ។
ដោយឡែក ផ្លែសំរង នៅ លើ ទី ផ្សារ មាន តម្លៃ ចន្លោះ ពី ៣៥ ០០០ ទៅ ៤០ ០០០ រៀល ក្នុង មួយ គីឡូ។
ផ្លែ សំរង ទុំ ត្រូវ គេ យក ធ្វើជា បង្អែម និង ធ្វើជា ភេសជ្ជៈផ្សេងៗ ដែល ពល រដ្ឋ ខ្មែរជឿថា ផ្លែ សំរង ផ្តល់ ផល ប្រយោជន៍ ផ្នែក សុខ ភាព ជា ពិសេស វា អាច ជួយរក្សា លំនឹង សីតុណ្ហភាព នៅ ក្នុង ខ្លួន បាន ល្អ។
ដើម សំរង មាន ដុះ នៅ ខេត្ត កោះកុង និង នៅ តាម តំបន់ ភាគឦសាននៃ ប្រទេស កម្ពុជា ដូចជា ខេត្ត រតនគីរី ស្ទឹង ត្រែង និង ខេត្តព្រះវិហារ ជាដើម។ ផ្លែ សំរង ត្រូវ បាន លក់ ចែកចាយ នៅទូទាំង ប្រទេស កម្ពុជា និង នៅតាម ប្រទេស ជិត ខាង កម្ពុជា ផងដែរ។
ទោះជា យ៉ាង ណា ដើម សំរងនៅ ក្នុង សហគមន៍ ភ្នំទ័ពជាង ហាក់ បី ដូចជា ស្ថិត ក្រោម ការគំរាម កំហែង។ គំរាម កំហែង ដោយ សារតែមាន ប្រជាពលរដ្ឋ ខ្លះ បាន កាប់ មែក ឬកាប់ រំលំ ដើម តែ ម្តង ដើម្បី បេះ យក ផ្លែ។
កាលពីពេលកន្លងទៅនេះ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ធ្លាប់ បាន ព្រមានថា ប្រសិនជាប្រជាពលរដ្ឋនៅតែបន្តប្រមូលផល ផ្លែសំរងតាមរយៈការកាប់ផ្ដួលរំលំដើម នោះ សំរងនឹងប្រឈមនឹងអន្តរាយ ផុតពូជ នៅ ថ្ងៃ អនាគត៕
ដោយៈ កែ ផុស