អភិបាលខេត្តបាត់ដំបងអំពាវនាវឳ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្នពេលភ្លៀងធ្លាក់ មានខ្យល់កន្រ្តាក់

បាត់ដំបងៈ ប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុតចំនួន៥០គ្រួសារនិងក្រុមគ្រួសារដែលប៉ះពាល់ដោយខ្យល់កន្ត្រាក់ប៉ើងដំបូលផ្ទះនិងប៉ះពាល់ធ្ងន់ធ្ងរ មកពីភូមិចំនួនប្រាំពីរស្ថិតក្នុងឃុំចំនួនប្រាំនៃស្រុកកំរៀង ខេត្តបាត់ដំបង បានទទួល អំណោយពី ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងប្រធានគណៈកម្មាធិការសាខាខេត្តបាត់ដំបង ។ជាអំណោយមនុស្សធម៌របស់សប្បុរសជនតាមរយៈសាខា កាកបាទក្រហមកម្ពុជា ។

ក្នុងពិធីប្រគល់អំណោយប្រារព្ធកាលពីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ក្នុងបរិវេណវត្តអូរដា ឃុំអូរដារ ស្រុកកំរៀង ឯកឧត្ដម សុខ លូ  បាននាំការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះគ្រប់ៗរូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនាឬនិន្នាការនយោបាយ ណាមួយឡើយ។

ឯកឧត្តមក៏បានចូលរួមសោកស្ដាយជាមួយក្រុមគ្រួសាររងគ្រោះទាំងនោះ ចំពោះការខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិ កន្លងមកនេះ ដែលបានបង្កនូវគ្រោះមហន្ត រាយដោយគ្រោះធម្មជាតិ បណ្តាលឳ្យប៉ើងដំបូលផ្ទះចំនួន១១គ្រួសារនិងខូចខាតធ្ងន់ធ្ងរចំនួន ៣៩គ្រួសារ។

ឯកឧត្តម សុខ លូ បានក្រើនរម្លឹក ដល់ប្រជាពលរដ្ឋនៅទីនោះថាឆ្នាំនេះរដូវប្រាំង មានរយៈពេលយូរ ហើយអាកាសធាតុ ក៏ក្តៅហួតហែងខ្លាំង។ដូចនេះពេលមានភ្លៀងធ្លាក់ ក៏នាំមកខ្យល់កន្រ្តាក់ លាយឡំនិងផ្គររន្ទះ ដែលអាចបង្ករគ្រោះថ្នាក់ដល់អាយុជីវិតទាំងមនុស្សនិងសត្វ។

ឯកឧត្តមបានអំពាវនាវដល់អាជ្ញាធរទាំងអស់និងគ្រប់សមត្ថកិច្ចពាក់ព័ន្ធត្រូវត្រៀមបង្ការក្នុងការឆ្លើយតបឲ្យបានទាន់ពេលវេលាចំពោះបងប្អូនប្រជាពលរដ្ឋដែលជួបនិងមហន្តរាយដោយគ្រោះធម្មជាតិកើតឡើងនិងត្រូវចូលរួមនូវយុទ្ធនាការដាំដើមឈើ នៅក្នុងមូលដ្ឋានរបស់ខ្លួន។

សូមបញ្ជាក់ថាអំណោយ ដែលចែកដល់គ្រួសាររងគ្រោះចំនួន៥០គ្រួសារមាន អង្ករ, មី , ទឹកត្រី,ទឹកស៊ីអ៉ីវ,ទឹកបរិសុទ្ធ ,ត្រីខ កំប៉ុង , ឃីត១កញ្ចប់ (មុង ក្រមា)។ ដោយឡែកគ្រួសារងគ្រោះរលំផ្ទះទាំងស្រុងបន្ថែម សំពត់តងមួយ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.)

ads banner