បួនខែកម្ពុជាលក់កៅស៊ូបានជាង១២៥លានដុល្លារ កើនតិចតួច

ភ្នំពេញៈរយៈពេលបួនខែដើមឆ្នាំនេះ កម្ពុជារកចំណូលបានជាង ១២៥លានដុល្លារអាមេរិក ពីការលក់ផលិតផលកៅស៊ូ កើនឡើងជាង ៧ភាគរយ ពីជាង ១១៦លានដុល្លារ ដែលបានកត់ត្រាក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

បើគិតត្រឹមខែមេសា ឆ្នាំ២០២៤ របាយការណ៍ដដែលបង្ហាញថា ជ័រកៅស៊ូមានតម្លៃ ១,៥៣២ដុល្លារ ក្នុងមួយតោន កើនឡើងចំនួន២ដុល្លារ ក្នុងមួយតោន ធៀបនឹងខែមុន។
 ចំណែកតម្លៃនៃការនាំចេញឈើកៅស៊ូជាមធ្យមក្នុងខែមេសា ឆ្នាំ២០២៤ មានតម្លៃ១២៦ដុល្លារ ក្នុងមួយម៉ែត្រគូប។ ដោយឡែក កៅស៊ូ ស្ងួត មាន តម្លៃ ជា មធ្យម ១៤៦៥ ដុល្លារ ក្នុង មួយ តោន។ ទីផ្សារនាំចេញកៅស៊ូសំខាន់ៗរបស់កម្ពុជា រួមមាន៖ វៀតណាម ចិន ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌា និងសហភាពអឺរ៉ុប។

ឯកឧត្តម ឃុន កក្កដា អគ្គនាយកស្ដីទីនៃអគ្គនាយកដ្ឋានកៅស៊ូ បានឱ្យដឹងថា កៅស៊ូកម្ពុជាទទួលបានតម្លៃល្អ និងមានតម្រូវការទីផ្សារថ្មី ស្របពេលមានរោងចក្រកង់ឡានចំនួន៣ ដែលក្នុងនោះ មានរោងចក្រចំនួនពីរ កំពុងតែប្រមូលទិញជ័រកៅស៊ូ និងរោងចក្រកង់ឡានមួយទៀត កំពុងរៀបចំសាងសង់ដើម្បីដាក់ឱ្យដំណើរការ។

យោងតាមរបាយការណ៍ ក្រសួងកសិកម្ម រហូតមកដល់ពេលនេះ កម្ពុជាបានដាំដើមកៅស៊ូលើផ្ទៃដីសរុបមានចំនួនជាង ៤០ម៉ឺនហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួនជាង ៣២ម៉ឺនហិកតា និងផ្ទៃដីថែទាំមានចំនួនជាង៨ម៉ឺនហិកតា។
 កម្ពុជាក៏មានរោងចក្រកែច្នៃកៅស៊ូ និងមជ្ឈមណ្ឌលសិប្បកម្មចំនួន ១៦៨ ក្នុងខេត្តចំនួន ១១។ កំពង់ធំ គឺជាខេត្តដែលផលិតកៅស៊ូនាំមុខគេក្នុងប្រទេសកម្ពុជា ដែលមានផ្ទៃដីដាំដំណាំសរុបចំនួនជាង ១៥ភាគរយបន្ទាប់មកខេត្តមណ្ឌលគិរី និងស្ទឹងត្រែង។
 សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីពេលថ្មីៗនេះ បានស្នើឱ្យរោងចក្រផលិតសំបកកង់ទាំងអស់ក្នុងប្រទេសប្រើប្រាស់កៅស៊ូក្នុងស្រុកជាវត្ថុធាតុដើមដើម្បីបង្កើតទីផ្សារសម្រាប់កសិករកៅស៊ូ៕
ដោយ ៖ កែ ផុស

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner