អនុស្សាវរីយ៍សម័យខ្មែរក្រហម ជំរុញឳ្យតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារមួយរូបសង់អគារសម្ភពជាច្រើនកន្លែង

អត្ថបទដោយ៖
ឈឹម សុផល

ព្រះវិហារ៖ឯកឧត្តម មាស សុភា ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាតំណាង រាស្ត្រមណ្ឌលខេត្តព្រះវិហារបានរំលឹកអំពីមូលហេតុដែលលោកនិងភរិយាសាងសង់អគារសម្ភពជាបន្តបន្ទាប់នៅខេត្តព្រះវិហារ ពីព្រោះលោកមានអនុស្សាវរីយ៍យ៉ាងជ្រាលជ្រៅពីអតីតកាលជាង៤០ឆ្នាំមុន។

ថ្លែងក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់អគារសម្ភព មួយខ្នងនៅមណ្ឌល សុខភាពរណសិរ្ស ឃុំរណសិរ្ស ស្រុកសង្គមថ្មី កាលពីព្រឹកថ្ងៃទី១៥ ខែឧសភា ឯកឧត្តម មាស សុភា បានរំលេចរឿងរ៉ាវទាក់ទងនឹងការសង់អគារសម្ភពនៅឃុំរណសិរ្ស ។លោកថា ពីព្រោះកាលពីសម័យប៉ុលពត លោកនិងលោកជំទាវត្រូវបានជម្លៀសមករស់នៅនិងធ្វើការយ៉ាងធ្ងន់ធ្ងរនៅទីនេះ ។ផ្តើមចេញពីប្រវត្តិដ៏លំបាកជូរចត់ ៣ឆ្នាំ ៨ខែ ២០ថ្ងៃក្នុងរបបប្រល័យពូជសាសន៍នេះ ឯកឧត្តមបានតាំងចិត្តថា បើបានទៅនៅភ្នំពេញវិញ គឺមិនភ្លេចប្រជាពលរដ្ឋនៅឃុំរណសិរ្សនេះឡើយ ។ដោយហេតុនេះទើបឯកឧត្តមសម្រេចសាងសង់អគារសម្ភពនៅទីនេះទុកជាចំណងដៃ និងទុកជាអនុស្សាវរីយ៍ បន្ទាប់ពីអគារសម្ភពនៅស្រុករវៀង និងនៅស្រុកឆែប ដែលបានសង់រួចមកហើយ។

របបខ្មែរក្រហមដែលគេនិយាយរត់មាត់ថា របបប៉ុល ពត បានកាន់អំណាចចាប់ពីឆ្នាំ១៩៧៥ មកដល់ឆ្នាំ១៩៧៩។ មុនរបបនេះដួលរលំនាថ្ងៃទី៧ មករា ១៩៧៩ ខ្មែរក្រហមបានជម្លៀសប្រជាជនឳ្យចាកចេញពីផ្ទះសម្បែងឳ្យទៅរស់នៅតំបន់ចុងកាត់មាត់ញក និងធ្វើពលកម្មយ៉ាងធ្ងន់ធ្ងរ។ ប្រជាជនជាង៣លាននាក់បានស្លាប់ដោយការសម្លាប់ ការធ្វើទារុណកម្ម ការបង្អត់អាហារ ការបង្ខំឳ្យធ្វើការបាក់កម្លាំង ឈឺពុំមានថ្នាំព្យាបាលជាដើម។
ឯកឧត្តម មាស សុភា ក៏ជនរងគ្រោះម្នាក់នៃរបបខ្មែរក្រហមដូចប្រជាជនដទៃទៀតដែរ។ ឯកឧត្តម ត្រូវបានគេស្គាល់ជាអតីតមន្រ្តីយោធាជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា ។លោកធ្លាប់មានតំណែងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក មុនពេលលោកក្លាយជាតំណាងរាស្រ្ត។

សូមបញ្ជាក់ថា អគារសម្ភពមួយខ្នងដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះមានទំហំ ៥ម៉ែត្រគុណនឹង១៣.៥០ម៉ែត្រ ,កម្ពស់ ៥.៥០ម៉ែត្រ ,ធ្វើអំពីបេតុងប្រក់ក្បឿង ក្រាលការ៉ូឡា ។អគារចាប់ផ្តើមសាងសង់នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ និងរួចរាល់ជាស្ថាពរនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ដោយចំណាយថវិកាចំនួន ៨០លានរៀល ជាថវិការបស់ឯកឧត្តម មាស សុភា និងលោកជំទាវ ។ដោយឡែកចំណាយលើសម្ភារបរិក្ខា គ្រែសម្រាលមួយឈុត បំពាក់ម៉ាស៊ីនត្រជាក់មួយ កង្ហារ វាំងនន សរុបថវិកា១៨.២២៩.៧៧០លានរៀល ឧបត្ថម្ភដោយលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ និងគ្រែពេទ្យចំនួនបួនឧបត្ថម្ភដោយមន្ទីរសុខាភិបាលខេត្តព្រះវិហារ៕


ដោយ:សួន លីណា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner