សិស្សដែលសិក្សានៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ៧០ភាគរយ បានទទួលការងារធ្វើ

ស្វាយរៀង៖ លោក មុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានបញ្ជាក់ថា ក្នុងចំណោមសិស្សមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលមកសិក្សាវិជ្ជាជីវៈ បច្ចេកទេសនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគជាង១០០នាក់ មានប្រមាណ៧០ភាគរយ បានទទួលការងារធ្វើ។
កាលពីព្រឹកថ្ងៃទី១៥ ខែឧសភាឆ្នាំ ២០២៤ ក្រុមការងារបានធ្វើតេស្តបញ្ចប់វគ្គ បណ្តុះ បណ្តាលកម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ១ នៃកម្មវិធីបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស TVET1.5Mនៅវិទ្យាស្ថានពហុ បច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង។
លោក មុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានឳ្យដឹងថា ថ្ងៃនេះមានសិស្សចំនួន១២២នាក់ (ស្រី១១នាក់ ) បានបំពេញគ្រប់លក្ខខណ្ឌរបស់វិទ្យាស្ថាន អាចធ្វើតេស្តបញ្ចប់ការសិក្សាបញ្ជាក់អំពីសមត្ថភាពរបស់ពួកគេ ដើម្បីទទួលបានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោកបន្តថា ទន្ទឹមនឹងការធ្វើតេស្តបញ្ជាក់សមត្ថភាពនេះ សិស្សប្រមាណ៧០ភាគរយ បាននិងកំពុងបម្រើការងារនៅតាមរោងចក្រ សហគ្រាស យានដ្ឋាន ទៅតាមសមត្ថភាពរបស់ពួកគេរៀងៗខ្លួនៗ ហើយនៅប្រមាណ៣០ភាគរយទៀត វិទ្យាស្ថាននឹងរៀបចំឱ្យពួកគេទៅបំពេញការងារនៅតាមរោងចក្រ សហគ្រាស និងយានដ្ឋាន ។ពោលគឺ សិស្សទាំងអស់ក្រោយរៀនចប់ ត្រូវមានការងារធ្វើស្របតាមប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបញ្ជាក់ថា «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារធ្វើ»។

យោងតាមផែនការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំណត់ឳ្យ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង មានកាតព្វកិច្ចបណ្តុះបណ្តាលសិក្ខាកាមចំនួន ៣៤ ០០០នាក់ សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៨។ គិតមកដល់ពេលនេះមានសិស្សចុះឈ្មោះចូលរៀនសរុបចំនួន ៤៨៦នាក់ (ស្រីចំនួន២៨៣នាក់) លើមុខជំនាញមួយចំនួនដូចជា ជំនាញការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ជំនាញសេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ជំនាញសេវាកម្មថែទាំ និងជួសជុលរថយន្ត ជំនាញជួសជុល និងថែទាំបរិក្ខារអេឡិចត្រូនិក ជំនាញសំអាងកាយ ជំនាញសេវាកម្មកុំព្យូទ័រ ។
សិស្សចំនួន១២២ នាក់ដែលធ្វើតេស្តបញ្ចប់ការសិក្សានៅព្រឹកថ្ងៃទី១៥ ខែឧសភា គឺជាសិក្ខាកាមក្នុងចំណោមសិស្សដែលបានចុះឈ្មោះចូលរៀន។
សូមជម្រាបថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី  ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាប្រកាសដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១.៥លាននាក់ ដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យកាលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕


ដោយៈនុត នាង

ads banner