វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង អំពាវនាវយុវជនក្នុងគ្រួសារក្រីក្រមកចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈ វគ្គ២

បាត់ដំបងៈនាយករងនៃវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង បានអំពាវនាវដល់យុវជន នយុវនារី ដែលចង់ស្វែងរៀនមុខជំនាញដើម្បីរកការងារធ្វើ ឬបង្កើតមុខរបរផ្សេងៗ ជាពិសេសយុវជនដែលមកពីក្រុមគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ សូមនាំគ្នាមកចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈវគ្គទី២ ឳ្យបានច្រើន ខណៈដែលសិស្សវគ្គទី១ បាននិងកំពុងចុះហាត់ការអនុវត្តជាក់ស្ដែង នៅតាម ក្រុមហ៊ុន សហគ្រាសឯកជន ហើយនឹងត្រូវបិទបញ្ចប់វគ្គនៅពេលខាងមុខនេះ។
លោក នាង លីវុឌ្ឍន៍ នាយករងនៃវិទ្យាស្ថានមជាតិវិជ្ជាជីវៈបាត់ដំបង បានប្រាប់ទូរទស្សន៍អប្សរាថា វិទ្យាស្ថាននៅតែបន្តការបើកទទួលការចុះឈ្មោះសិស្សចូលរៀនជារៀងរាល់ថ្ងៃ ហើយការចូលរៀនវគ្គបន្តបន្ទាប់នេះ នឹងបើកដំណើរការរៀងរាល់ដើមខែនីមួយៗ។សម្រាប់យុវជនដែលមកពីគ្រួសារក្រីក្រ ចុះឈ្មោះរៀនដោយមិនបង់ប្រាក់ និងថែមទាំងទទួលបាននូវប្រាក់ឧបត្ថម្ភ ប្រចាំខែទៀតផង។

លោក នាង លីវុឌ្ឍន៍ បញ្ជាក់ថា វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងបានផ្ដល់នូវការបណ្ដុះបណ្ដាល លើជំនាញ១២មុខ ដូចជា ការដំឡើងនិងរៀបចំតបណ្ដាញអគ្គិសនីក្នុងអគារ,ការថែទាំ និងជួសជុលរថយន្ត, ការផ្សារអគ្គិសនី, សេវាកម្មរដ្ឋបាល, សេវាកម្មសម្អាងកាយ, ការងារកំបោរ, ការដំឡើងបណ្ដាញបំពង់ទឹក,ការផលិតនំ,ការដាំដុះថែទាំនិងប្រមូលផលស្វាយកែវរមៀត, ការចិញ្ចឹម និងថែទាំត្រីប្រា ព្រមទាំងការកែច្នៃបន្លែ ផ្លែឈើ ជាដើម។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ បានដាក់ចេញកម្មវិធីបណ្ដុះ បណ្ដាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់ក្រុមគោលដៅ ជាយុវ
ជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ចំនួន ១,៥លាននាក់ ។អនុវត្តដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺក្នុងគោលបំណងចម្បង គឺផ្ដល់នូវជំនាញមួយយ៉ាងតិចប្រចាំជីវិតដល់យុវជន ដើម្បីទទួលបាននូវឱកាសការងារឬបង្កើតមុខរបរដោយ ខ្លួនឯងប្រកបដោយភាពម្ចាស់ការ មានគុណភាពនិងផលិតភាពខ្ពស់សម្រាប់ផ្គត់ផ្គង់ ព្រមទាំងឆ្លើយតបបានតាមតម្រូវការ នៃទីផ្សារការងារ ប្រកបដោយចីរភាព ភាពធន់និងបរិយាបន្ន៕


( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

ads banner