ថៃជាប្រភពគ្រឿងញៀនធំបំផុត នៅកូរ៉េ

ថៃបានក្លាយជាប្រភពរត់ពន្ធគ្រឿងញៀនខុសច្បាប់ធំលំដាប់ទី១ នៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយប្រទេសទាំងពីរគ្របដណ្តប់ជាង ៥០ភាគរយ នៃគ្រឿងញៀនសរុប ដែលអាជ្ញាធរកូរ៉េ រឹបអូសបាន កាលពីឆ្នាំមុន។ នេះបើតាមកាសែត The Nation។

កាលពីថ្ងៃអង្គារ កាសែតថៃមួយនេះ បានដកស្រង់ប្រភពពីទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ ដែលចុះផ្សាយយោងតាមទិន្នន័យរបស់រដ្ឋាភិបាលកូរ៉េ បានឲ្យដឹងថា កាលពីឆ្នាំ២០២៣ កូរ៉េខាងត្បូងរឹបអូសថ្នាំញៀន បាន៧៨០គីឡូក្រាម ក្នុងនោះ នាំចូលពីប្រទេសថៃ មានចំនួន ១៨៧គីឡូក្រាម ស្មើនឹង ២៤ភាគរយ។

របាយការណ៍បានបន្តថា សហរដ្ឋអាមេរិកគឺជាប្រភពគ្រឿងញៀននាំចូលទៅកូរ៉េខាងត្បូង លំដាប់ទីពីរ ដោយមាន ២០% ខណៈដែលប្រទេសអាល្លឺម៉ង់ ស្ថិតនៅលំដាប់លេខ៣ គ្របដណ្តប់ ១២% ហើយលំដាប់លេខបួនវិញ គឺប្រទេសឡាវ ដែលមាន ៩%។

កូរ៉េខាងត្បូងអះអាងថា ត្រឹមចុងខែក្រោយនេះ ខ្លួនគ្រោងនឹងបង្កើតផ្នែកត្រួតពិនិត្យគយថ្មី នៅអាកាសយានដ្ឋានអន្តរជាតិ Incheon ដែលជាច្រកចូលប្រទេស ដើម្បីត្រួតពិនិត្យរាល់អ្នកដំណើរ មកពីប្រទេសផលិត ឬ ប្រទេសមានចរាចរណ៍គ្រឿងញៀន ខុសច្បាប់៕

ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner