សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបជាមួយប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបជាមួយឯកឧត្តម យូន ស៊ុកយ៉ល (YOON Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ឧសភា ឆ្នាំ២០២៤។

បើតាមឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា សម្តេចធិបតី មានជំនួបទ្វេភាគីជាមួយឯកឧត្តម ប្រធានាធិបតី យួន សកយ៉ល ដើម្បីពិភាក្សាស៊ីជម្រៅនូវភាពជាដៃគូ និងពង្រីកកិច្ចសហប្រតិបត្តិការលើពហុវិស័យ ដើម្បីជម្រុញនៅការលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានទៅដល់កម្រិតថ្មី។ ថ្នាក់ដឹកនាំទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួនពាក់ព័ន្ធនឹងសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ ឯកឧត្តម យូន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ។

ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា នៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីនាឱកាសនេះ សម្តេចធិបតី នឹងមានជំនួបទ្វេភាគីជាមួយឯកឧត្តម ប្រធានាធិបតី យួន សកយ៉ល ដើម្បីពិភាក្សាស៊ីជម្រៅនូវភាពជាដៃគូ និងពង្រីកកិច្ចសហប្រតិបត្តិការលើពហុវិស័យ ដើម្បីជម្រុញនៅការលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានទៅដល់កម្រិតថ្មី។ ថ្នាក់ដឹកនាំទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួនពាក់ព័ន្ធនឹងសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ។ ឯកឧត្តម មាស សុភ័ណ្ឌ បានមានប្រសាសន៍បន្តថា សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបដាច់ដោយឡែកជាមួយ ឯកឧត្តមនាយករដ្ឋមន្ត្រីនៃសាធារណកូរ៉េ ហាន់ ដុកស៊ូ (Han Duck-soo) និងឯកឧត្តមប្រធានរដ្ឋសភា គីម ជីនផ្សូ (Kim Jin-pyo)។ សម្តេចធិបតីក៏នឹងអញ្ជើញចូលរួមក្នុងបើកវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ និងជួបជាមួយក្រុមហ៊ុន កូរ៉េសំខាន់ៗមួយចំនួនដូចជា ឧស្សាហកម្មគ្រឿងយន្ត គ្រឿងបង្គុំអេឡិចត្រូនិក ហិរញ្ញវត្ថ និងធនាគារ ហេដ្ឋារចនាសម្ព័ន្ធសំណង់ បច្ចេកវិទ្យា និងឌីជីថល រួមនឹងក្រុមហ៊ុនផលិតនិងផ្គត់ផ្គង់ឱសថ និងបរិក្ខាវេជ្ជសាស្ត្រផងដែរ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ ផងដែរ។

តាមការគ្រោងទុកសម្តេចធិបតីនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាធ្វើមាតុភូមិនិវត្តន៍មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤៕
ដោយ៖ពលជ័យ

ads banner