ឯកឧត្តម ឌិត ទីណា ៖ ក្នុងនាមថ្នាក់ដឹកនាំត្រូវយល់ឱ្យបានច្បាស់អំពីគោលនយោបាយអាទិភាពវិស័យកសិកម្ម ទើបអាចពន្យល់ដល់សហគមន៍ចំគោលដៅ និងមានប្រសិទ្ធភាព

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំសហគមន៍កសិកម្មទំនើប នៅទីស្តីការក្រសួងកសិកម្ម នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា សហគមន៍កសិកម្មទំនើប គឺជំរុញធ្វើយ៉ាងណាឱ្យ សហគមន៍មានការធ្វើផលិតកម្មធំរួម ដាក់ដី និងទុនរួមគ្នា ដើម្បីទទួលបានផលចំណេញទាំងអស់គ្នា ដោយមិនប្រកួតប្រជែងគ្នាឡើយ ។

ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យមានការកែលម្អសហគមន៍នូវចំណុចខ្វះខាតឱ្យមានភាពល្អរឹងមាំ និងបន្តអ្វីដែលជាភាពខ្លាំងរបស់ពួកគាត់ លើគ្រប់អនុវិស័យទាំងអស់ទាំងកសិកម្ម ព្រៃឈើ ជលផល សត្វ និងកៅស៊ូ ដែលអាចជួយឱ្យសហគមន៍ប្រែក្លាយរូបរាងទៅជាលក្ខណៈក្រុមហ៊ុនមួយពេញលក្ខណៈ ដោយផ្តោតសំខាន់លើគុណភាព មានទីផ្សារ មានតម្លៃបន្ថែមខ្ពស់ មានខ្សែច្រវាក់តម្លៃល្អ ផ្តល់ផលចំណេញ និងមានប្រសិទ្ធភាពសេដ្ឋកិច្ចពិតប្រាកដ។

ក្នុងនាមថ្នាក់ដឹកនាំ ត្រូវយល់ឱ្យបានច្បាស់អំពីគោលនយោបាយអាទិភាពវិស័យកសិកម្ម ទើបអាចពន្យល់ដល់សហគមន៍ចំគោលដៅ និងមានប្រសិទ្ធភាព។ លើសពីនេះទៀត ក្រុមការងារត្រូវពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅ ធ្វើយ៉ាងណាឱ្យកសិករចេះធ្វើការរួមគ្នា សហការគ្នាល្អ ដើម្បីជួយឱ្យមានការវិនិយោគពិតរីកចម្រើនទាំងអស់គ្នា និងមិនមានការយល់ខុសបន្តទៀតលើរដ្ឋាភិបាល។

ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា យើងមិនលុបបំបាត់សហគមន៍ចាស់ទេ តែយើងធ្វើលើអ្វីដែលមានស្រាប់ ហើយប្រែក្លាយមកជាសហគមន៍កសិកម្មទំនើប ដូច្នេះត្រូវពិនិត្យ និងជំរុញឱ្យចេញជារូបរាង ដោយគិតផលសេដ្ឋកិច្ចជាធំ ៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner