មេដឹកនាំគណបក្សកម្លាំងប្រជាធិបតេយ្យ ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ស្តីពីព្រែកជីកហ្វូណនតេជោ
ភ្នំពេញ៖ ឯកឧត្តម អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីព្រែកជីកហ្វូណនតេជោ កាលពីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ចំពោះការជំរុញឱ្យរាជរដ្ឋាភិបាលថ្មីពន្លឿនក្នុងការជីកព្រែកហ្វូណនតេជោឱ្យបានឆាប់។ ដោយឯកឧត្តមបានលើកឡើងថា ការជីកព្រែកហ្វូណនតេជោកាន់តែលឿនកាលណា គឺកម្ពុជានឹងទទួលបានជោគជ័យយ៉ាងឆាប់រហ័សនៅពេលនោះ។ ហេតុអ្វីបានជាថាជោគជ័យ? កម្ពុជាមិនខ្ចីដង្ហើមគេដក កម្ពុជាមិនខ្ចីផ្លូវទឹកគេប្រើតទៅទៀត កម្ពុជាមិនចាំបាច់ទៅលួងលោមបំពេញបំណងតាមតម្រូវការរបស់វៀតណាមតទៅទៀតទេ។ ហើយវៀតណាម ក៏គ្មានសិទ្ធិក្នុងការលូកដៃក្នុងអធិបតេយ្យភាពរបស់កម្ពុជាបានដែរ។
ឯកឧត្តម អ៊ុន វិសិទ្ធគុន បានបន្តថា ការជីកព្រែកហ្វូណនតេជោបានកាន់តែលឿន គឺកម្ពុជានឹងទទួលផលបានកាន់តែច្រើនពីការដឹកជញ្ជូន ពីវិស័យទេសចរណ៍ ពីការបង្កបង្កើនផល ពីការរំដោះគ្រោះមហន្តរាយ ទឹកជំនន់នៅក្នុងប្រទេស និងការនេសាទត្រីផ្សេងៗ។ ជាពិសេសទៅទៀតនោះ គឺធ្វើឱ្យអ្នកវិនិយោគនៅក្រៅប្រទេសចាប់អារម្មណ៍នៅក្នុងការវិនិយោគនៅក្នុងស្រុក ព្រោះបានផ្តល់នៅភាពងាយស្រួលដល់ការដឹកជញ្ជូន។ ឯកឧត្តមគាំទ្រនូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យរាជរដ្ឋាភិបាលថ្មីពន្លឿននៅការជីកព្រែកនេះ គឺបើជីកបានកាន់តែឆាប់កាលណាកាន់តែល្អ គឺចង់ឃើញការលេចឡើងនូវសមទ្ធិផលថ្មីដែលជាព្រែកជីកប្រវត្តិសាស្ត្រ ហ្វូណនតេជោ នៅលើទឹកដីកម្ពុជាយ៉ាងឆាប់រហ័ស។
ជាមួយគ្នានេះ ឯកឧត្តម អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ បានសំណូមពរទៅដល់ប្រជាពលរដ្ឋទូទាំងប្រទេស សូមកុំជឿការបោកប្រាស់របស់ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី និងជនអគតិនយោបាយក្រៅប្រទេសនិយាយបំភ្លៃតទៅទៀត ពីព្រោះទស្សនៈល្ងង់ខ្លៅរបស់អ្នកនយោបាយក្រៅប្រទេស គឺមានតែការញុះញង់ឱ្យខ្មែរដើរថយក្រោយ ខ្មែរឈ្លោះបែកបាក់គ្នាតែប៉ុណ្ណោះទេ ហើយបង្កើនការគាំទ្រលើការជីកព្រែកហ្វូណនតេជោ និងបង្កើតជាចលនាជាចលករនៃកម្លាំងមួយដ៏ខ្លាំងក្លាក្នុងការលើកទឹកចិត្ត ក៏ដូចជាចូលរួមជាមួយសម្តេចតេជោ និងសម្តេចមហាបវរធិបតី ជីកព្រែកហ្វូណនតេជោឱ្យបានជោគជ័យឆាប់នៅពេលខាងមុនេះ៕
ដោយ៖ពលជ័យ