Stellantis ចាប់ដៃចិនត្រៀមនាំចេញឡានអគ្គិសនីវាយលុកទីផ្សារអឺរ៉ុប

ប៉េកាំង៖ ក្រុមហ៊ុន Stellantis ដែលបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន Leapmotor នឹងចាប់ផ្តើមដឹកជញ្ជូនឡានចូលទៅកាន់ទីផ្សារអឺរ៉ុបក្នុងខែកញ្ញា ឆ្នាំ២០២៤។

ក្រុមហ៊ុនចិន Leapmotor ផលិតតែរថយន្តអគ្គិសនីប៉ុណ្ណោះ ហើយមិនសូវមានឈ្មោះបោះសម្លេងនៅក្នុងទ្វីបអឺរ៉ុបទេ បើទោះបីជាលក់រថយន្តបាន ១០,០០០គ្រឿងក្នុងមួយខែនៅក្នុងប្រទេសចិនក៏ដោយ។ រីឯ Stellantis គឺជាក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតមួយរបស់ពិភពលោក ដែលជាម្ចាស់ម៉ាកល្បីៗរួមមាន Alfa Romeo និង Jeep។

ក្រុមហ៊ុន Stellantis បានចាប់ផ្តើមការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Leapmotor International បន្ទាប់ពី Stellantis ដែលមានមូលដ្ឋាននៅប្រទេសហូឡង់ បានយល់ព្រមក្នុងខែតុលា ដើម្បីទិញភាគហ៊ុនចំនួន ២០ភាគរយនៅក្នុងក្រុមហ៊ុនចិន។

នាយកប្រតិបត្តិក្រុមហ៊ុន Stellantis លោក Carlos Tavares បាននិយាយក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ ដែលរៀបចំដោយក្រុមហ៊ុនទាំងពីរនៅទីក្រុង Hangzhou ដែលជាស្រុកកំណើតរបស់ក្រុមហ៊ុន Leapmotor ថា ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា អាចឱ្យយើងពន្លឿនការរង់ចាំ ដើម្បីឈានជើងចូលទៅកាន់ទីផ្សារជាមួយនឹងរថយន្តអគ្គិសនីឆ្លាតវៃ និងតម្លៃសមរម្យ។

លោក Tavares បន្ថែមថា Leapmotor International នឹងចាប់ផ្តើមដឹកជញ្ជូនរថយន្តទៅកាន់ប្រទេសអឺរ៉ុបចំនួន៩ រួមទាំងប្រទេសបារាំង និងអាល្លឺម៉ង់នៅក្នុងខែកញ្ញា។ ឡានទាំងនោះនឹងត្រូវដាក់ឱ្យប្រើប្រាស់នៅមជ្ឈិមបូព៌ា អាហ្វ្រិក ឥណ្ឌា អាស៊ីប៉ាស៊ីហ្វិក និងអាមេរិកខាងត្បូងនៅឆ្នាំក្រោយ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតរថយន្តអ៊ឺរ៉ុបផ្សេងទៀតក៏បានបង្កើនភាពជាដៃគូជាមួយក្រុមហ៊ុនចិន ដើម្បីទាក់ទាញអតិថិជនក្នុងស្រុកផងដែរ។ តួយ៉ាង កាលពីខែកក្កដា ក្រុមហ៊ុនរថយន្តយក្សរបស់អាល្លឺម៉ង់ Volkswagen បានប្រកាសថា ខ្លួននឹងវិនិយោគជាង ៦៤៧លានដុល្លារ នៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន XPeng៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner