អ្នកនាំពាក្យពាក្យ គ.ជ.ប ៖ ការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៤ គឺជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ចំនួន ៥៥៦នាក់ នឹងជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ចំនួន ៣៦៤១នាក់

ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានមានប្រសាសន៍ថា ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។ ក្នុងនោះការបោះឆ្នោត គឺជ្រើសរើសតំណាងដែលជាសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ចំនួន ៥៥៦នាក់ ហើយនឹងជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ចំនួន ៣៦៤១នាក់។

អ្នកនាំពាក្យ គ.ជ.ប បានបន្តថា រាល់ការបោះឆ្នោតទាំងអស់ទោះសកល ឬក៏អសកល គឺត្រូវឆ្លងកាត់ដំណាក់កាល៤ ជាលក្ខណៈបច្ចេកទេស ទី១. ការចុះឈ្មោះអង្គបោះឆ្នោត ឬក៏ហៅថា ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ទី២. ការចុះបញ្ជីគណបក្សនយោបាយ និងដាក់បេក្ខជនឈរឈ្មោះសម្រាប់ការប្រកួតប្រជែង។ គ.ជ.ប បានធ្វើការប្រកាសជាផ្លូវការហើយបញ្ជីអង្គបោះឆ្នោត គឺមាន ១១៦២២នាក់ ហើយការដាក់បញ្ជីគណបក្សនយោបាយ និងដាក់បេក្ខជន ក៏ទទួលស្គាល់ គឺមានគណបក្សចំនួន ៥ ដែលនឹងធ្វើការឃោសនាប្រកួតប្រជែង ក្នុងនោះមានគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ គណបក្សខ្មែររួបរួមជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។

អ្នកនាំពាក្យ គ.ជ.ប បានបន្តទៀតថា ក្រោមការឃ្លាំមើលនិងសង្កេតការណ៍ពីភ្នាក់ងារគណបក្សនយោបាយ ពីអ្នកសង្កេតការណ៍ជាតិ និងភ្ញៀវពិសេស ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ សកម្មភាពបន្តហៅថា ដំណាក់កាលទី៣ គឺដំណាក់កាលនៃការឃោសនាបោះឆ្នោតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។

សូមជម្រាបថា ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ ដោយមានគណបក្សនយោបាយចំនួន ៥ បានចូលរួមប្រកួតប្រជែង៕
ដោយ៖ពលជ័យ

ads banner