កូនខ្មែរតួហូលីវូដ Maurice Chan ប្រមូលទុនមកថតភាពយន្តប្រយុទ្ធខ្នាតធំនៅខ្មែរ

 ភ្នំពេញ៖ លោក Maurice Chan តារាសម្តែងក្បាច់គុនហូលីវូដដែលមានដើមកំណើតខ្មែរ កំពុងកៀរគរធនធានថវិកាសម្រាប់គម្រោងភាពយន្តខ្នាតធំដ៏ពិសេសមួយដែលនឹងបង្ហាញនូវមរតកសិល្បៈក្បាច់គុនរបស់ប្រទេសកម្ពុជា ជាពិសេសគឺល្បុក្កតោ ទៅកាន់ទស្សនិកជនអន្តរជាតិ។
 
លោក Maurice Chan ដែលទើបបញ្ចប់ការសម្តែងក្នុងភាពយន្តសាកល្បងខ្នាតខ្លីដែលថតនៅរាជធានីភ្នំពេញ បានបង្ហើបពីផែនការដឹកនាំរឿងខ្នាតធំនេះដែលទំនងជានឹងចាប់ផ្តើមថតនៅឆ្នាំក្រោយ។ ក្នុងបទសម្ភាសផ្តាច់មុខជាមួយ Apsara Tonight ពីប្រទេសបារំាង កូនខ្មែរតួហូលីវូដល្បីឈ្មោះរូបនេះនិយាយថា ប្រទេសកម្ពុជាមានគ្រប់យ៉ាងដែលលោកត្រូវការសម្រាប់ភាពយន្តខ្នាតធំនេះ។
 
លោកបន្តថា ៖ «ខ្ញុំគិតថា ក្នុងនាមយើងជាជនជាតិខ្មែរ យើងគួរតែត្រឡប់មកមាតុភូមិយើងវិញ ដើម្បីចែករំលែកបទពិសោធន៍របស់យើងសម្រាប់មនុស្សទាំងអស់នេះ និងមនុស្សជំនាន់ក្រោយ។ សម្រាប់ការផលិតភាពយន្តធំមួយនេះខ្ញុំ គិត ថា វា អាច ទៅ រួច ព្រោះ យើង មាន អ្វី គ្រប់ យ៉ាង យើងមានកន្លែងដែលយើងត្រូវការ និងមានមនុស្សដែលមានទេពកោសល្យ។ យើងគ្រាន់តែខ្វះអ្នកបង្ហាត់បង្ហាញដែលមានបទពិសោធន៍ប៉ុណ្ណោះ»។
 
ភាពយន្តខ្នាតធំនេះនឹងមានរយៈពេលពីរម៉ោង សម្បូរដោយឈុតឆាកប្រយុទ្ធ ឬក៏ហៅថា Action Movie ដែលបង្ហាញពីស្នៀតគុនក្នុងសមរភូមិគ្រោះថ្នាក់។ Maurice Chan ប្រាប់ថា វាត្រូវការដើមទុនច្រើនម៉ឺនដុល្លារ ដែលលោកកំពុងពិភាក្សាជាមួយដៃគូផលិតភាពយន្តចម្រុះជាតិសាសន៍។ រឿងនេះនឹងត្រូវដាក់បញ្ចាំងនៅរោងភាពយន្តអន្តរជាតិដោយចាប់ផ្តើមពីប្រទេសបារាំងទៅមុន។
 
សូមរំលឹកថា លោក Maurice Chan អាយុ៤៨ឆ្នាំ មានកម្ពស់ ១,៧៥ម៉ែត្រ និងមានឪពុកម្តាយជាជនជាតិខ្មែរដែលបានផ្លាស់ទៅរស់នៅប្រទេសបារំាងតាំងពីលោកនៅជាកុមារ។ លោកមានបទពិសោធន៍២០ឆ្នាំជាតួប្រយុទ្ធជំនួសតួឯក ឬ stuntman។ លោកធ្លាប់បានសម្តែងក្នុងភាពយន្តហូលីវូដល្បីៗដូចជា Spectre ក្នុងខ្សែរឿង James Bond, John Wick និង Unleased ជាដើមដែលលោកសម្តែងជាមួយ លោក Jackie Chan ឬ តួឈិនឡុង។  
 
កាលពីខែមីនា លោក Maurice Chan បានមកថតភាពយន្តខ្នាតខ្លីរឿង Phnon Penh Ground Zeroនៅរាជធានីភ្នំពេញ ដោយសម្តែងជាតួប៉ូលីសបង្ក្រាបឧក្រិដ្ឋជនដើម្បីការពារសណ្តាប់ធ្នាប់។ ដោយមានតួនាទីជាអ្នកបង្ហាត់ក្បាច់គុនផង Maurice Chan បានបង្វឹកអ្នកគុននិយមខ្មែរចំនួន១៥នាក់ ដែលប៉ះគ្នាជាមួយអ្នកគុននិយមថៃផងដែរ។
 
លោកថា៖ «នេះជាលើកទីមួយ ហើយខ្ញុំមានអារម្មណ៍ថា មោទនភាពខ្លាំងណាស់ ដែលបានត្រលប់មកកម្ពុជាវិញ ក្នុងមាតុភូមិរបស់ខ្ញុំ និងថតភាពយន្តនេះព្រោះនេះគឺជារឿងដែលខ្ញុំចង់ធ្វើអស់រយៈពេលជាច្រើនឆ្នាំមកហើយ»។
 
សំ ថារ័ត្ន តារាស្រីល្បីក្នុងក្បាច់គុនល្បុក្កតោដែលមានឈ្មោះបោះសំឡេងក្នុងរឿងហូលីវូដដូចជា រឿង “Jailbreak” ជាដើម ជាតួអង្គសំខាន់ម្នាក់ដែលបានបញ្ចេញស្នៀតគុនពិសេសៗជាមួយ Maurice Chan។ ថារ័ត្ន រំពឹងថាភាពយន្តនេះនឹងបើកទីផ្សារឱ្យអ្នកប្រដាល់ខ្មែរកាន់តែច្រើនបង្ហាញខ្លួនលើឆាកអន្តរជាតិ និងជួយលើកស្ទួយវិស័យភាពយន្តរបស់ខ្មែរផងដែរ។
 
ឧស្សាហកម្មភាពយន្តកម្ពុជា ទោះបីមានប្រវត្តិដ៏សម្បូរបែបក៏ដោយ បានប្រឈមមុខនឹងបញ្ហាមួយចំនួន រួមទាំងធនធានមានកម្រិត កង្វះកន្លែងបណ្តុះបណ្តាលជាន់ខ្ពស់ និងការផ្សព្វផ្សាយទៅកាន់អន្តរជាតិមិនគ្រប់គ្រាន់។ លោក Maurice Chan សង្ឃឹមថាភាពយន្តរបស់លោក នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការលើកកម្ពស់គុនខ្មែរ និងរួមចំណែកអភិវឌ្ឍន៍ភាពយន្តរបស់កម្ពុជា។ តួហូលីវូដរូបនេះដែលមានសាលាបង្រៀនក្បាច់គុនធំជាងគេបំផុតមួយនៅអឺរ៉ុបឈ្មោះ Cascade គ្រោងបង្កើតវគ្គបណ្តុះបណ្តាលនៅស្រុកខ្មែរផងដែរ៕
ដោយៈរស់ សុធា Apsara Tonight

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner