កម្ពុជាផ្តួចផ្តើមបង្កើតតំបន់សេដ្ឋកិច្ចពិសេសកូរ៉េនៅកម្ពុជា

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជានាពេលថ្មីៗនេះ បានផ្តួចផ្តើមឲ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយសម្រាប់តែក្រុមហ៊ុនកូរ៉េ ដែលរំពឹងថានឹងជួយជំរុញវិនិយោគិនកូរ៉េដែលកំពុងបណ្តាញក់ទុននៅកម្ពុជាស្រាប់ឱ្យបង្កើនទុនវិនិយោគ និងទាក់ទាញក្រុមហ៊ុនកូរ៉េថ្មីៗផ្សេងទៀតឲ្យមកកម្ពុជា។
 
ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស្វ័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស បាននិយាយក្នុងសន្និសិទកាសែតកាលពីថ្ងៃអាទិត្យថា យន្ដការពិគ្រោះយោបល់ទៀងទាត់មួយរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC )និងស្ថានទូតកូរ៉េ នឹងត្រូវបង្កើតឡើងដើម្បីសម្របសម្រួលប្រតិបត្តិការនានា ឈានទៅរកការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះ។
 
ដោយឡែក សម្រាប់ពេលវេលាជាក់លាក់នៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់កូរ៉េនៅកម្ពុជានេះ គឺនៅមិនទាន់អាចកំណត់បាននៅឡើយទេ ដោយឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស្វ័រ បានគូសបញ្ជាក់ថា រដ្ឋាភិបាលនឹងផ្ដល់អាទិភាពឱ្យ CDC និងស្ថានទូតកូរ៉េ បានជជែកពិភាក្សាគ្នាជាមុនសិន។
 
ឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើមនេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ការមានតំបន់សេដ្ឋកិច្ចពិសេសកាន់តែច្រើន នឹងធ្វើឱ្យសេដ្ឋកិច្ចប្រទេសមួយអាចរីកចម្រើនបានលឿន។ លោកបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសអាចជួយសម្រួលដំណើរការរត់ឯកសាររបស់វិនិយោគិន ព្រមទាំងការដឹកជញ្ជូនផ្សេងៗ បូករួមជាមួយនឹងការអនុគ្រោះជាច្រើនផ្សេងទៀត។
 
គួរសម្គាល់ថា សាធារណរដ្ឋកូរ៉េ គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំមួយរបស់កម្ពុជា ដែលមានទំហំពាណិជ្ជកម្មទ្វេភាគីសរុបប្រមាណ ៧៥១លានដុល្លារ ឈរលើលេខរៀងទី១១ ក្នុងឆ្នាំ២០២៣កន្លងមកនេះ។ ការវិនិយោគផ្ទាល់ពីកូរ៉េមកកម្ពុជាមានចំនួនជាង ៤០០លានដុល្លារនៅឆ្នាំ ២០២៣ ឈរលេខរៀងទី២បន្ទាប់ពីប្រទេសចិន។
 
ក្រៅពីតំបន់សេដ្ឋកិច្ចពិសេសកូរ៉េ កម្ពុជាក៏កំពុងស្ថិតក្នុងដំណាក់កាលបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់វិនិយោគគិនកូរ៉េ និងតំបន់សេដ្ឋកិច្ចដោយឡែកមួយទៀតសម្រាប់ វិនិយោគិនចិនផងដែរ។ បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេសដែលកំពុងដំណើរការនៅកម្ពុជាមានចំនួន ២៤ ជាមួយនឹងគម្រោងវិនិយោគ ៥៦១ គម្រោង ដែលបង្កើតការងារបានជាង ១៦ម៉ឺនកន្លែង៕
ដោយៈសាន ស្រីនិច

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner