ធនាគារជាតិនៃកម្ពុជា៖ បំណុលរដ្ឋាភិបាលកើនឡើង ចំណូលធ្លាក់ចុះ ឱនភាពថវិការីក
ភ្នំពេញ៖ កម្ពុជាកំពុងប្រឈមនឹងបញ្ហាផ្នែកហិរញ្ញវត្ថុ ដោយបំណុលរបស់រដ្ឋាភិបាលបានបន្តកើនឡើងដល់ ១១ ៥០០លានដុល្លារអាមេរិកត្រឹមដំណាច់ឆ្នាំ ២០២៣ ពី ១០ ២៨០លានដុល្លារ កាលពីឆ្នាំ២០២២ ពោលគឺកើនឡើងចំនួន ១១,៨ភាគរយ។ នេះបើយោងតាមទិន្នន័យចុងក្រោយរបស់ធនាគារជាតិនៃកម្ពុជា។
របាយការណ៍ស្តីពីស្ថានភាពស្ថិរភាពហិរញ្ញវត្ថុឆ្នាំ ២០២៣ របស់ធនាគារជាតិនៃកម្ពុជាដែលចេញផ្សាយនៅថ្ងៃច័ន្ទនេះ បានបង្ហាញទៀតថា ចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៣ ក្នុងអំលុងនៃជំងឺរាតត្បាតកូវីដ១៩ ការចំណាយរបស់ប្រទេសកម្ពុជាបានកើនលើសចំណូលជាបន្តបន្ទាប់។ នៅឆ្នាំ ២០២៣ ចំណាយរបស់រដ្ឋមានចំនួន ៧ ២០០លានដុល្លារ កើនឡើងជិត១០ភាគរយធៀបនឹងឆ្នាំ ២០២២ ខណៈដែលការប្រមូលចំណូលបានធ្លាក់ចុះ ៤,៧ភាគរយ មកត្រឹម ៦ ១០០លានដុល្លារ។ ពោលគឺ ចាយលើសចំណូលជិត១ ០០០ លានដុល្លារ។ ការណ៍នេះបានរុញឱនភាពថវិកាកើនដល់ ២,៦ភាគរយ នៃផលិតផលក្នុងស្រុកសរុប ឬ GDP របស់កម្ពុជា ពីត្រឹម ០,៤ភាគរយ នៅឆ្នាំ២០២២។
ធនាគារជាតិនៃកម្ពុជា បានចង្អុលបង្ហាញពីការធ្លាក់ចុះនៃការប្រមូលពន្ធ ចំពេលមានការថយចុះនៃសកម្មភាពសេដ្ឋកិច្ចក្នុងវិស័យមួយចំនួន និងការថយចុះនៃពន្ធគយដោយសារការនាំចូលទាប រួមជាមួយនឹងការកើនឡើងនៃការចំណាយទាក់ទងនឹងការរៀបចំកីឡា SEA Game និង ASEAN Para Games និងការបោះឆ្នោតជាតិ។ ទាំងនេះរួមចំណែករុញឲ្យបំណុលក្រៅប្រទេសកើនឡើង។
អ្នកសេដ្ឋកិច្ចព្រមានថា ឱនភាពសារពើពន្ធច្រើនឆ្នាំជាប់គ្នា និងកំណើនបំណុលក្រៅប្រទេស បង្កបញ្ហាប្រឈមសម្រាប់ស្ថិរភាពសេដ្ឋកិច្ចរបស់កម្ពុជា។ កម្រិតខ្ពស់នៃការចំណាយរបស់រដ្ឋាភិបាល គួបផ្សំនឹងកំណើនប្រាក់ចំណូលមិនគ្រប់គ្រាន់ នឹងបង្កើនបន្ទុកបំណុលរបស់ប្រទេស។ សេណារីយ៉ូនេះគូសបញ្ជាក់អំពីតម្រូវការសម្រាប់ការគ្រប់គ្រងថវិកាប្រកបដោយប្រសិទ្ធភាព និងការខិតខំប្រឹងប្រែងជំរុញការប្រមូលចំណូល។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យកម្ពុជា លើកឡើងថា អតុល្យភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុលើចំណូល និងចំណាយ ដែលនាំឱ្យកើនបំណុលសាធារណៈ គឺជាបញ្ហាសម្រាប់ប្រទេសជាតិ។ លោកថា ក្រសួងសាមីត្រូវតែរៀបចំផែនការធ្វើឱ្យយ៉ាងណា កុំឱ្យមានការចំណាយប្រចាំឆ្នាំខ្ពស់លើសពីចំណូលឆ្ងាយពេក ដូចជាកាត់បន្ថយការចំណាយទៅលើអង្គភាពឬស្ថានបនថ្នាក់ក្រោមជាតិដែលមិនបាច់នានា។
ប៉ុន្តែ លោកជំទាវ ជា សិរី ទេសាភិបាលនៃធនាគារជាតិនៃកម្ពុជាបានអះអាងថា កំណើនសេដ្ឋកិច្ចមានកម្រិតខ្ពស់ជាងបំណុលក្រៅប្រទេស ហើយថាសេដ្ឋកិច្ចរបស់កម្ពុជានៅតែមានភាពធន់ជាមួយនឹងកំណើន៥ភាគរយនៅឆ្នាំ ២០២៣ ដែលគាំទ្រដោយស្ថិរភាពនៃអត្រាប្តូរប្រាក់ កម្រិតទាបនៃអតិផរណា និងទុនបម្រុងអន្តរជាតិគ្រប់គ្រាន់។ គិតត្រឹមឆ្នាំ២០២៣ ទុនបម្រុងអន្តរជាតិរបស់កម្ពុជាមានចំនួន២០ពាន់លានដុល្លារ កើនឡើង ១៣,២ភាគរយពីឆ្នាំ២០២២ ដែលអាចរ៉ាប់រងការនាំចូលនូវទំនិញនិងសេវាកម្មសម្រាប់រយៈពេលប្រហែលប្រាំពីរខែ។
ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជាចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញថា ប្រទេសចិនជាម្ចាស់បំណុលធំបំផុតដែលមានដល់ជាង ៤ពាន់លានដុល្លារ តាមបន្តដោយធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោក ជប៉ុន កូរ៉េខាងត្បូង បារំាង និង ស្ថាប័នមួយចំនួនទៀត៕
ដោយៈទួន សុផល Apsara Tonight