អាហ្វ្រិកខាងត្បូងដាក់គោលដៅបង្កើនចំនួនសត្វរមាសដល់ ២ពាន់ក្បាល
ចូហេនណេស្បឺគ៖ អង្គការឧទ្យានអាហ្វ្រិកខាងត្បូងបាននិយាយថា សត្វរមាសរាប់សិបក្បាលត្រូវបានដោះលែងទៅកាន់ព្រៃនៅអាហ្វ្រិកខាងត្បូង ដែលនេះជាជំហានដំបូង នៃគំនិតផ្តួចផ្តើមមួយ ដើម្បីចិញ្ចឹម និងដោះលែងសត្វរមាសចំនួន ២,០០០ក្បាលចូលទៅក្នុងតំបន់អភិរក្សនៅទូទាំងទ្វីប។
រមាសសភាគខាងត្បូងត្រូវបានគេប្រមាញ់រហូតជិតផុតពូជនៅចុងសតវត្សទី១៩ ប៉ុន្តែពួកវាបានកើនឡើងវិញ បន្ទាប់ពីមានកិច្ចខិតខំប្រឹងប្រែងការពារ និងបង្កាត់ពូជអស់រយៈពេលរាប់ទសវត្សរ៍។ អង្គការក្រៅរដ្ឋាភិបាលដែលមានមូលដ្ឋាននៅទីក្រុង Johannesburg បាននិយាយថ្មីៗនេះថា ផែនការប្រកបដោយមហិច្ឆតា ក្នុងការដោះលែងសត្វរមាសភាគខាងត្បូងចំនួន ២,០០០ក្បាលចូលទៅក្នុងតំបន់ការពារដែលមានសុវត្ថិភាព នឹងកើតឡើងក្នុងរយៈពេល ១០ឆ្នាំខាងមុខ។
សត្វរមាស ៤០ក្បាលដំបូងត្រូវបានបរិច្ចាគទៅឱ្យ សហគមន៍ Munywana Conservancy ក្នុងខេត្ត KwaZulu-Natal ដើម្បីបង្កើនចំនួនសត្វរមាសនៅក្នុងគម្រោង ដែលមានឈ្មោះថា “Rhino Rewild”។ រដ្ឋមន្ត្រីបរិស្ថានអាហ្វ្រិកខាងត្បូង លោកស្រី Barbara Creecy បាននិយាយថា រដ្ឋាភិបាលអាហ្វ្រិកខាងត្បូងគាំទ្ងយ៉ាងខ្លាំង នៃគំនិតផ្តួចផ្តើមនេះ។
កាលពីខែកញ្ញា ឧទ្យានអាហ្វ្រិក ដែលជាអង្គការមិនរកប្រាក់ចំណេញ ដែលផ្តល់មូលនិធិដោយម្ចាស់ជំនួយរួមមានអឺរ៉ុប ទីភ្នាក់ងារ USAID និងមូលនិធិអន្តរជាតិឯករាជ្យបានទិញកសិដ្ឋានចិញ្ចឹមរមាសអាហ្វ្រិកខាងត្បូងមានផ្ទៃដីទំហំ ៧,៨០០ហិចតា ដែលជាកសិដ្ឋានធំជាងគេបំផុតនៅលើពិភពលោក។ វានឹងក្លាយជាផ្ទះរបស់សត្វរមាសចំនួន ២,០០០ក្បាល។
អាហ្រ្វិកខាងត្បូងដែលជាដែនជម្រករបស់សត្វរមាសជិត ៨០ភាគរយនៃពិភពលោក គឺជាកន្លែងប្រម៉ាញ់ដែលជំរុញដោយតម្រូវការពីអាស៊ី ដែលយកស្នែងរមាសប្រើធ្វើជាឱសថបុរាណ សម្រាប់ការព្យាបាលជំងឺយ៉ាងមានប្រសិទ្ធភាព៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
