អាមេរិកថា មិនពាក់ព័ន្ធនឹងការធ្លាក់ឧទ្ធម្ភាគចក្រស្លាប់ប្រធានាធិបតីអ៊ីរ៉ង់

វ៉ាស៊ីងតោនឌីស៊ី៖ ប្រមុខការពារជាតិសហដ្ឋអាមេរិក លោក Lloyd Austin កាលពីថ្ងៃចន្ទ បានបដិសេធចំពោះការសង្ស័យថា សហរដ្ឋអាមេរិក មានពាក់ព័ន្ធនឹងការធ្លាក់ឧទ្ធម្ភាគចក្ររបស់ប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi។

លោក Lloyd Austin បានប្រាប់អ្នកកាសែត នៅក្នុងសន្និសីទសារព័ត៌មានថា «សហរដ្ឋអាមេរិកមិនមានជាប់ទាក់ទិននឹងឧប្បត្តិហេតុនោះទេ វាជាការពិត និងសាមញ្ញៗ ងាយយល់»។ លោកបានបន្តថា «វាអាចមានហេតុផលច្រើន អាចជាការបរាជ័យផ្នែកមេកានិក កំហុសអ្នកបើកបរឧទ្ធម្ភាគចក្រ ជាដើម»។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេស លោក Matthew Miller បានប្រាប់អ្នកយកព័ត៌មាន នាពេលនោះដែរថា «សហរដ្ឋអាមេរិកត្រូវបានស្នើសុំជំនួយ ពីរដ្ឋាភិបាលអ៊ីរ៉ង់ ក្រោយពេលកើតហេតុអាក្រក់នេះ។ លោកបានមានប្រសាសន៍ថា «យើងបាននិយាយហើយថា យើងនឹងមានឆន្ទៈជួយ ជាអ្វីដែលយើងនឹងធ្វើចំពោះរដ្ឋាភិបាលណាមួយ ក្នុងស្ថានភាពនេះ»។

គួររម្លឹកថា ឧទ្ធម្ភាគចក្ររបស់ប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi បានធ្លាក់ចំពេលមានអាកាសសធាតុចុះអ័ព្ទខ្លាំង កាលពីថ្ងៃអាទិត្យ។ យោធាអ៊ីរ៉ង់បានបញ្ជាឱ្យមានការស៊ើបអង្កេត។ កន្លងមក អ៊ីរ៉ង់តែងតែ ស្តីបន្ទោសឧប្បត្តិហេតុសន្តិសុខអាក្រក់នានាថា ជាស្នាដៃរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក។

បើតាមក្រសួងការបរទេសអាមេរិក បាននិយាយថា ប្រទេសអ៊ីរ៉ង់ ដែលមិនមានទំនាក់ទំនងការទូតជាមួយទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីក្រោយបដិវត្តន៍អ៊ីស្លាម ឆ្នាំ១៩៧៩ មក៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner