ប្រធានរដ្ឋសភាវៀតណាមថ្មី ស្បថចូលកាន់តំណែង
ហាណូយ៖ ប្រធានរដ្ឋសភាវៀតណាមថ្មី លោក Tran Thanh Man កាលពីថ្ងៃច័ន្ទ បានស្បថចូលកាន់តំណែងជំនួសប្រធានមុន ដែលបានលាលែងពីតំណែង អំឡុងយុទ្ធនាការបង្ក្រាបអំពើពុករលួយ យ៉ាងកក្រើក។
បុរស វ័យ៦១ឆ្នាំ រូបនេះ បានប្រាប់សភា បន្ទាប់ពីការបោះឆ្នោតថា «វាជាកិត្តិយសដ៏ធំធេង ខ្ញុំនឹងលះបង់ខ្លួន ដើម្បីបម្រើប្រជាជន»។ លោក Tran ត្រូវបានរដ្ឋសភាបោះឆ្នោតសម្ងាត់ ដោយទទួលបានសម្លេងគាំទ្រទាំង ៤៧៥សម្លេង ពីតំណាងរាស្ត្រ។
លោក Tran Thanh Man ដែលពីមុនជាអនុប្រធានសភា បានឡើងស្នងតំណែង ជំនួសលោក Vuong Dinh Hue ដែលបានលាលែងពីតំណែង កាលពីខែមុន ដោយសារតែ ធ្វើខុសនិងចំណុចខ្វះខាត នេះបើយោងតាមគណបក្ស។
មនុស្សរាប់ពាន់នាក់ រួមទាំងមន្ត្រីកំពូលៗ និងមេដឹកនាំធុរកិច្ចជាន់ខ្ពស់ផងដែរ ត្រូវបានជាប់នៅក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយ ដែលដឹកនាំដោយអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត