Microsoft បញ្ចេញកុំព្យូទ័រយួរដៃបំពាក់ AI ដំបូងគេលើពិភពលោក
វ៉ាស៊ីនតោន៖ នាយកប្រតិបត្តិក្រុមហ៊ុន Microsoft លោក Satya Nadella នៅថ្ងៃចន្ទនេះ បានប្រកាសបង្ហាញកុំព្យូទ័រប្រភេទថ្មី ដែលបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ទៅក្នុងកម្មវិធី Windows ដែលជាប្រព័ន្ធប្រតិបត្តិការឈានមុខគេលើពិភពលោករបស់ក្រុមហ៊ុនខ្លួន។
លោក Nadella បាននិយាយនៅឯព្រឹត្តិការណ៍បើកបង្ហាញវត្តមានកុំព្យូទ័រ “AI PCs” នៅទីក្រុង Redmond រដ្ឋធានី Washington ថា យើងកំពុងណែនាំកុំព្យូទ័រប្រើប្រាស់ Windows ជំនាន់ថ្មីទាំងស្រុង ដែលត្រូវបានបង្កើតឡើងដើម្បីបញ្ចេញថាមពលនៃ AI។ លោក Nadella បន្ថែមថា យើងហៅកុំព្យូទ័រប្រភេទថ្មីនេះថា “Copilot Plus” ជាកុំព្យូទ័រដើរលឿនបំផុត ហើយភាគច្រើនដំណើរការដោយ AI ដែលមិនធ្លាប់មានពីមុនមក។
ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមួយនេះ បានប៉ាន់ប្រមាណថា ក្នុងរយៈពេល ១២ខែខាងមុខ ខ្លួនរំពឹងលក់កុំព្យូទ័រយួរដៃប្រភេទថ្មីនេះបានជាង ៥០លានគ្រឿង ដោយសារតែកំណើនតម្រូវការឧបករណ៍ដែលដំណើរការដោយបច្ចេកវិទ្យា ChatGPT-style។
ការចាក់បញ្ចូល AI របស់ Microsoft ទៅក្នុងកុំព្យូទ័រ បានកើតឡើងមុនពេលក្រុមហ៊ុន Apple រៀបចំព្រឹត្តិការណ៍ដ៏សំខាន់មួយនាខែក្រោយនេះ ដែលត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា នឹងឃើញមុខងារ ChatGPT នៅក្នុងទូរស័ព្ទ iPhone ជំនាន់ថ្មី។
ប្រព័ន្ធផ្សព្វផ្សាយក៏បានរាយការណ៍ផងដែរថា Apple អាចនឹងប្រកាសពីភាពជាដៃគូរវាង Apple និង OpenAI របស់ Google។ បច្ចុប្បន្នក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗកំពុងខិតខំប្រឹងប្រែងប្រជែងគ្នាក្នុងបច្ចេកវិទ្យា AI បើទោះបីជាមានការព្រួយបារម្ភថា AI អាចនឹងបង្កើតការគំរាមកំហែងដល់សង្គមក៏ដោយ។ យ៉ាងណាមិញ អាជ្ញាធរក្នុងប្រទេសជាច្រើន រួមទាំងនៅសហរដ្ឋអាមេរិក កំពុងរៀបចំវិធីដើម្បីតាមដានការវិវត្តន៍នៅក្នុងបច្ចេកវិទ្យា AI ឱ្យកាន់តែជិតស្និទ្ធ ហើយអាចនឹងដាក់កម្រិតលើការប្រើប្រាស់ AI៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា