ត្រឹម៣ខែ បណ្តាញសង្គម Truth Social របស់លោក ត្រាំ ខាតជាង ៣០០លានដុល្លារ
វ៉ាស៊ីនតោន៖ ក្រុមហ៊ុន Trump Media and Technology Group (TMTG) ដែលជាម្ចាស់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social របស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថ្មីៗនេះថា ខ្លួនខាតបង់ជាង ៣០០លានដុល្លារនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤។
ក្រុមហ៊ុន TMTG ថ្មីៗនេះ បានរាយការណ៍ពីការខាតបង់សុទ្ធចំនួន ៣២៧លានដុល្លារ គិតចាប់ពីខែមករា ដល់ខែមីនា កើនឡើងលើសឆ្នាំមុន ដែលមានជាង ២១ម៉ឺនដុល្លារសម្រាប់រយៈពេលដូចគ្នា នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន។ ក្នុងរយៈពេលមួយត្រីមាសមកនេះ ក្រុមហ៊ុន TMTG រកចំណូលបានត្រឹមតែជាង ៧៧ម៉ឺនដុល្លារប៉ុណ្ណោះពីការផ្សព្វផ្សាយពាណិជ្ជកម្មលើបណ្តាញសង្គមខ្លួន។
ក្រុមហ៊ុន TMTG បាននិយាយថា ភាគច្រើននៃការខាតបង់ប្រចាំត្រីមាសរបស់ខ្លួន គឺទាក់ទងទៅនឹងការចំណាយចំនួន ៣១១លានដុល្លារ រួមទាំងការលុបបំបាត់បំណុលពីមុន នៅមុនពេលរួមបញ្ចូលគ្នាជាមួយ Digital World Acquisition។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានកាន់កាប់ភាគហ៊ុនចំនួន ៥៧.៣ភាគរយនៃក្រុមហ៊ុន TMTG ដែលរួមបញ្ចូលគ្នាជាមួយក្រុមហ៊ុន Shell ដែលគេស្គាល់ថា ជា Digital World Acquisition កាលពីចុងខែមីនាកន្លងទៅ។
ការរួមបញ្ចូលគ្នានេះ មានគោលបំណងចម្បង ដើម្បីជាមធ្យោបាយមួយ អាចឱ្យក្រុមហ៊ុនទើបបង្កើតថ្មី ទទួលបានការជួញដូរភាគហ៊ុនរបស់ខ្លួនជាសាធារណៈយ៉ាងឆាប់រហ័ស៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា