រាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា
(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី ម៉ារី ហេលេន ល័រហ្សុង (Marie Hélène LOISON) អគ្គនាយិការងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ។
លោកស្រី ម៉ារី ហេលេន ល័រហ្សុង បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកស្រី និងសហការី ចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារនាឱកាសនេះ ព្រមទាំងបានបញ្ជាក់ អំពីចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែង រវាងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងកម្ពុជា និងបានប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ នេះបន្ថែមទៀត។
លោកស្រីអគ្គនាយិការង ក៏បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលផ្តោតខ្លាំងលើការអភិវឌ្ឍសេដ្ឋកិច្ច ប្រព័ន្ធការពារសង្គម ការកសាងមូលធនមនុស្ស ថាមពល និងបច្ចេកវិទ្យា ដើម្បីសម្រេចគោលដៅ និងចក្ខុវិស័យ របស់កម្ពុជា។ លោកស្រីអគ្គនាយិការង ក៏បានគោរពជម្រាបជូនសម្តេចធិបតី អំពីកម្មវិធីរបស់ទីភ្នាក់ងារ AFD នៅកម្ពុជា ដែលផ្តោតលើវិស័យសំខាន់ៗជាច្រើន រួមមាន៖ អភិវឌ្ឍន៍ជនបទ ការគ្រប់គ្រងធនធានទឹក ប្រព័ន្ធធារាសាស្ត្រ ទឹកស្អាត ហិរញ្ញវត្ថុ ធនាគារ ហិរញ្ញវត្ថុបៃតង ពាណិជ្ជកម្ម និងវិនិយោគ ជាដើម។
លោកស្រី អគ្គនាយិការង ក៏បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ រយៈពេលវែង ក្នុងគោលដៅឈានទៅរកអព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០ ផងដែរ។ បន្ថែមលើនេះ លោកស្រី អគ្គនាយិការង ក៏បានគោរពជម្រាបជូនសម្តេចធិបតី អំពីការបន្តការគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការ បន្ថែមទៀត ជាពិសេសការរួមចំណែក និងបន្តគាំទ្រ រាជរដ្ឋាភិបាលកម្ពុជាក្នុងការចាកចេញពីចំណាត់ថ្នាក់ ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC Graduation) នាឆ្នាំ ២០២៩ ខាងមុខ តាមរយៈការធ្វើការងារយ៉ាង ជិតស្និទ្ធជាមួយក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធ។
សម្តេចធិបតី បានស្វាគមន៍ និងថ្លែងអំណរគុណ ដល់ទីភ្នាក់ងារ AFD ចំពោះការចូលរួមចំណែក ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា នាពេលកន្លងមក។ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់លោកស្រី ក្នុងការបន្តគាំទ្រ និងរួមចំណែកអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចកម្ពុជា ដោយ សម្តេចធិបតី បានសម្តែងការគាំទ្រចំពោះកម្មវិធីដែលមានស្រាប់របស់ទីភ្នាក់ងារ AFD នៅកម្ពុជា។
សម្តេចធិបតី ក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលផ្តោតសំខាន់លើការធានាបាននូវនិរន្តភាពសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ដើម្បីឈានទៅសម្រេចបាន នូវចក្ខុវិស័យឆ្នាំ២០៥០។ ព្រមជាមួយគ្នានេះ សម្តេចធិបតី ក៏បានបញ្ជាក់អំពីការដាក់ចេញនូវគោលដៅក្នុងការលើកកម្ពស់ និងធ្វើឱ្យប្រសើរឡើងនៃវិស័យថាមពលបៃតង និងឈានទៅដល់ អព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ដោយបច្ចុប្បន្ន កម្ពុជា បានសម្រេចនូវការប្រើប្រាស់ ថាមពលស្អាតចំនួន ៦២% នៃការប្រើប្រាស់ថាមពលសរុប និងបានដាក់ចេញនូវទិសដៅជំរុញការប្រើប្រាស់ ថាមពលស្អាតឱ្យបានដល់ ៧០% ត្រឹមឆ្នាំ២០៣០។ បន្ថែមលើនេះ សម្តេចធិបតី ក៏បានគូសរំលេចអំពី ការដាក់ចេញនូវគោលដៅក្នុងការផ្គត់ផ្គង់ទឹកស្អាតឱ្យបាន១០០% និងគោលនយោបាយក្នុងការគ្រប់គ្រង ប្រព័ន្ធធារាសាស្ត្រ ដើម្បីធានាការប្រើប្រាស់ទឹកគ្រប់គ្រាន់ និងការទប់ស្កាត់នូវគ្រោះមហន្តរាយទឹកជំនន់ និង ការបង្កផលវិបាកផ្សេងៗទៀតនារដូវវស្សាផងដែរ ។
សម្តេចធិបតី និងលោកស្រីអគ្គនាយិការង ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់លើវិស័យ សំខាន់មួយចំនួន រួមមាន៖ (១) ពាណិជ្ជកម្ម និងគោលនយោបាយក្នុងការទាក់ទាញការវិនិយោគ ដោយ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់នូវការលើកទឹកចិត្ត បន្ថែមទៀតដល់ការវិនិយោគនៅកម្ពុជា, ការធ្វើសាមញ្ញកម្មនីតិវិធីនៃដំណើរការវិនិយោគ, និងគំនិតផ្តួចផ្តើមថ្មីៗ បន្ថែមទៀត ដូចជា គំរូថ្មីនៃតំបន់សេដ្ឋកិច្ចពិសេស តាមប្រភេទឧស្សាហកម្ម និងតម្រូវការរបស់ប្រទេសនីមួយៗ និងយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្នុងការផ្តល់នូវភាពបត់បែន និងការដោះស្រាយបញ្ហាប្រឈមនានា ដើម្បីធានានូវបរិយាកាសធុរិកិច្ច និងភាពប្រកួតប្រជែង (២) គំនិតផ្តួចផ្តើមក្នុងការបង្កើតមជ្ឈមណ្ឌលវប្បធម៌ និង ភាសាបារាំងប្រចាំតំបន់ នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងការបណ្តុះបណ្តាល ផ្នែកវប្បធម៌ ភាសា ទំនាក់ទំនងប្រជាជន និងប្រជាជន កីឡា ទេសចរណ៍ និងពាណិជ្ជកម្ម និង (៣) អន្តរកាលនៃវិស័យថាមពល ដោយបន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការ និងការដាក់ចេញនូវផែនការយុទ្ធសាស្ត្រសំខាន់ៗក្នុងការធានាឱ្យបាន នូវការប្រើប្រាស់ថាមពល និងចូលរួមចំណែកការទប់ស្កាត់ ការប្រែប្រួលអាកាសធាតុផងដែរ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ