កញ្ញាលីដា ទទួលបានការបណ្តុះបណ្តាល ធុរកិច្ចអាជីវកម្មច្បាស់លាស់ជាងមុនបន្ទាប់ពី បរាជ័យ ការរកស៊ីមិនមានបទពិសោធន៍ និងជំនាញ

(ភ្នំពេញ)៖ ជាអ្នកធ្លាប់ប្រកបអាជីវកម្មខ្នាតតូចជាលក្ខណៈគ្រួសារ លក់កាហ្វេភេសជ្ជៈ នៅរាជធានីភ្នំពេញ និងសាខានៅតាមខេត្ត នាពេលកន្លងមក កញ្ញា ជា លីដា ជាអ្នកស្រុកកំណើតមកពីខេត្តព្រៃវែង បានចុះឈ្មោះចូលរៀនជំនាញ ធុរកិច្ចអាជីវកម្ម នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)។

កញ្ញា លីដា បានគូសបញ្ជាក់បន្តថា នៅក្នុងវគ្គសិក្សាធុរកិច្ចភេសជ្ជៈនេះ មិនមែនផ្តោតតែទៅលើការរៀនឆុងកាហ្វេតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែមានការបណ្តុះបណ្តាលទៅលើភេសជ្ជៈផ្សេងៗទៀត ដែលសាលាមានមុខវិជ្ជាជាច្រើននៅក្នុងការបង្រៀនសិស្ស។

កញ្ញា បន្ថែមថា ពីមុនមកការប្រកបអាជីវកម្មលក្ខណៈគ្រួសារ គឺមិនមានជំនាញច្បាស់លាស់នៅក្នុងការឆុងកាហ្វេ និងភេសជ្ជៈ លក់ទៅអោយអតិថិជន ដោយការរៀនឆុងតគ្នា មិនបានទទួលការបណ្តុះបណ្តាលច្បាស់លាស់ ទើបធ្វើអោយអាជីវកម្មបរាជ័យ ។ បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលនៅសាលាត្រឹមត្រូវ គឺខុសពីការរៀនតពីគ្នាព្រោះថា មានគ្រូឯកទេស ជាអ្នកជំនាញច្បាស់លាស់ ពិសេសគឺបន្ទាប់ពីសិក្សាមានការអនុវត្តជាក់ស្តែង មានបន្ទប់សិក្សាច្បាស់លាស់ មានម៉ាស៊ីនឆុងកាហ្វេ តេសសមត្ថភាពតែម្តង។

កញ្ញា លីដា បន្ថែមថា ការសិក្សានៅទីនេះមិនត្រឹមតែទទួលបានការសិក្សាជំនាញតែមួយមុខនោះទេ គឺទទួលបានទាំងជំនាញរឹង និងជំនាញទន់ ដោយនៅក្នុងសាលាមានបង្រៀនទាក់ទងទៅនិងការគ្រប់គ្រងអាជីវកម្ម និងចំណេះជំនាញផ្សេងៗទៀត។ ជាមួយនិងឱកាសនៃការទទួលបានការបណ្តុះបណ្តាលជំនាន់ទី១ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់នេះ កញ្ញា ជា លីដា បានបង្ហាញនូវសេចក្តីសប្បាយរីករាយជាមួយនិងឱកាសនៃការសិក្សានៅមិនបង់ថ្លៃ ពីរដ្ឋាភិបាលអាណត្តិទី៧នេះ ហើយអំពាវនាវដល់ប្រជាជនយុវជន សិស្សនិស្សិតដែលចង់មានជំនាញក្នុងខ្លួន ដើម្បីរកការងារធ្វើអាចមកទទួលបានការសិក្សាជាមួយនិងចំណេះជំនាញពិតប្រាក់កដ។

ឯកឧត្តមបណ្ឌិត ប៊ុន ភារិន នាយកវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា (NPIC) បានគូសបញ្ជាក់ថា សិស្សក្នុងជំហានទី១នៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥លាននាក់ បាននិងកំពុងសម្រេចបានតាមអភិក្រមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺ “រៀនឱ្យចប់ រៀនឱ្យចេះ ឲ្យមានការងារធ្វើ” ពោលគឺសិស្សដែលបានទទួលការបណ្តុះបណ្តាល ជំនាញនៅវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជាក្នុងរយៈពេលបួនខែមកនេះ បាននិងកំពុងចេញហាត់ការនៅតាមក្រុមហ៊ុន សហគ្រាសនានា និងបានធ្វើតេស្តសមត្ថភាពបញ្ចប់ការសិក្សាទៅតាមជំនាញរៀងៗខ្លួន ដើម្បីយកទៅប្រើប្រាស់ក្នុងទីផ្សារការងារ។

ការលើកឡើងបែបនេះបន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីពេលថ្មីៗនេះ បានដឹកនាំអ្នកសារព័ត៌មានចំនួន២០នាក់ មកពី ១០ស្ថាប័ន ចុះស្វែងយល់អំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)៕

អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner