ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន៖ ពាក់ព័ន្ធគ្រឿងញៀន​ទី​តាំងណាមិនផ្ដល់កិច្ចសហការត្រូវចាត់វិធានការតាមផ្លូវច្បាប់

ស្វាយរៀង៖គណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿង​ញៀនខុសច្បាប់បានដាក់ចេញនូវគោលការណ៍យ៉ាង​ម៉ឺង​ម៉ាត់ ដើម្បី​ឱ្យខេត្តស្វាយរៀង លុបបំបាត់ទាំងស្រុងនូវការលបលួច បង្កប់ប្រើប្រាស់គ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ នៅតាមទី​តាំង​សប្បាយ​ភាពទូទាំងខេត្ត។ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​បន្ថែមថា ក្នុងករណីទីតាំងណាមិនផ្ដល់​កិច្ច​សហការ​ត្រូវចាត់វិធានការតាមផ្លូវច្បាប់បន្ទាន់តែម្ដង។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានបញ្ជាក់យ៉ាង​ម៉ឹងម៉ាត់ដូចនេះកាលពីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍន៍ភាពនៃការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកទី៩ របស់​គណៈកម្មាធិការ​ត្រួតពិនិត្យគ្រឿងញៀនខេត្តស្វាយរៀង។ កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីធានាដល់ប្រសិទ្ធភាព នៃការអនុវត្ត​យុទ្ធនាការឱ្យ​សម្រេចបាន​ជោគជ័យ។

ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានដាក់ចេញនូវ​គោលការណ៍​ចំនួនបីចំណុចសំខាន់ៗរួមមាន៖ វិធានការអប់រំ, វិធានការរដ្ឋបាល និងវិធានការច្បាប់។ ត្រង់ចំណុចនេះ ឯកឧត្តម​​បានសង្កត់ធ្ងន់ឱ្យបញ្ចប់នូវរាល់បាតុភាពនានា ដែល​រារាំងដល់ការបំពេញប្រតិបត្តិការ​លុបបំបាត់នេះ ហើយ​ក្នុងករណីចាំបាច់ត្រូវរាយការណ៍បន្ទាន់មកថ្នាក់ជាតិដើម្បីអន្ដរាគមន៍។

ឯកឧត្តមបន្ថែមថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ត្រូវដឹកនាំកិច្ចប្រជុំជាមួយបណ្ដាម្ចាស់ទីតាំងសប្បាយភាពនានា សំដៅ​ណែនាំ និងស្នើឱ្យមានការចូលរួមគាំទ្រដល់​យុទ្ធនាការ​លុបបំបាត់នេះ។ឯកឧត្តម នេត សាវឿន ក៏បានក្រើនរំលឹកជាថ្មី ដល់​គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់របស់ខេត្តស្វាយរៀង ត្រូវប្ដេជ្ញាចិត្តរួមគ្នាអនុវត្តម៉ឺងម៉ាត់នូវទិស​ស្លោករបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា «សម្អាតបឹង» ពោលធ្វើយ៉ាងណាមន្ដ្រីទាំងអស់ត្រូវតែស្អាតស្អំ មិនជាប់ពាក់ព័ន្ធជាមួយគ្រឿងញៀន។

សូមជម្រាបថា យោងតាមរបាយការណ៍របស់ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងបានឱ្យដឹងថា ក្នុងរយៈពេលបួនខែ ដើមឆ្នាំ២០២៤នេះ សមត្ថកិច្ចបានចុះប្រតិបត្តិការអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន បង្ក្រាបបទល្មើសប្រើប្រាស់ រក្សាទុក និងជួញដូរ​គ្រឿងញៀនខុសច្បាប់ សរុប៦២លើក (ក្នុងនោះករណីប្រើប្រាស់គ្រឿងញៀន៣លើក ករណីជួញដូរគ្រឿងញៀន ៥២លើក អនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន៧ដីកា) ឃាត់ខ្លួនជនសង្ស័យសរុប១៣១នាក់ (ស្រី២៥នាក់ )បានដកហូតថ្នាំញៀនសរុប ១៣,៥៩២.០១ក្រាម៕
ដោយ៖នុត នាង

ads banner