ក្រសួងបរិស្ថាននឹងដាក់ដំណើរការ អេប App និងដ្រូន ដើម្បីការពារព្រៃឈើ

ភ្នំពេញៈក្រសួងបរិស្ថាននឹងដាក់ឲ្យដំណើរការនូវកម្មវិធីទូរសព្ទ ឬ អេប(App )និង បំពាក់នូវដ្រូន សម្រាប់ក្រុមឧទ្យាននុរក្ស ក្នុងពេលឆាប់ៗនេះ ដើម្បីបង្កើនការការពារធនធានព្រៃឈើឲ្យកាន់តែមានប្រសិទ្ធភាព។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត បញ្ជាក់ក្នុងសន្និសីទសារព័ត៌មានស្តីពី”ពន្លកបៃតង” កាលពីថ្ងៃចន្ទថា App នេះអាចឲ្យប្រជាពលរដ្ឋដឹងពីតំបន់អភិរក្សដែលមិនគប្បីកាប់បំផ្លាញឬឈូសឆាយព្រៃឈើ។ ឯកឧត្តម បន្ថែមថា កម្មវិធីនេះមិនចាំបាច់មានអ៊ីនធឺណិតទេ ពោលគឺនៅពេលដែលអ្នកប្រើ ប្រាស់ទូរស័ព្ទដើរចូលតំបន់ការពារធម្មជាតិ ពួកគេនឹងដឹងភ្លាមថាទីកន្លែងនោះគឺជាតំបន់ការពារធម្មជាតិ។
ជាមួយគ្នានេះឯកឧត្តម រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឲ្យដឹងថាក្រសួងនឹងផ្តល់ដ្រូនដល់ក្រុមមន្ត្រីបរិស្ថានក្នុងគ្រប់តំបន់ការពារធនធានធម្មជាតិ នៅត្រឹមឆ្នាំ ២០២៥ ប្រយោជន៍គឺ ដើម្បីឲ្យក្រុមមន្ត្រីទាំងនោះគ្រប់ គ្រងបទល្មើសមានប្រសិទ្ធភាពជាងមុន ដោយហេតុថា ពួកគាត់នឹងអាចឃ្លាំមើលបទល្មើសបានឆ្ងាយជាងមុន។ យ៉ាងណាក៏ដោយ ឯកឧត្តមមិនទាន់អាចបញ្ជាក់ពីពេលវេលាដាក់ឲ្យប្រើប្រាស់ និងឈ្មោះ App នៅឡើយ ដោយលោកអះអាងថា បានការអនុម័តពីរាជរដ្ឋា ភិបាល។
គួរសម្គាល់ថា ផែនការរបស់ក្រសួងបរិស្ថាននេះធ្វើឡើងក្រោយពីក្រសួងនិងអាជ្ញាធរមូលដ្ឋានបានបង្រ្កាបបទល្មើសទ្រង់ទ្រង់ធំ នៅក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាល ពី ពេលថ្មីៗ កន្លង ទៅនេះ។
បើតាមអ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃអាទិត្យា គិតចាប់ពីថ្ងៃទី១១ ខែមីនា មកដល់ថ្ងៃទី២០ ខែឧសភាកងកម្លាំងសត្ថកិច្ច បានឃ្លុំដីបានជាង១ម៉ឺន២ពាន់ហិកតា និង ចាប់បញ្ជូនជនល្មើសទៅតុលាការ បាន២៣ ករណី។
លោក សាន់ ម៉ាឡា ប្រធានកម្មវិធីបណ្តាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាននិងការអភិវឌ្ឍ App នេះជាគំនិតផ្តួចផ្តើមថ្មីមួយ ប៉ុន្តែអ្វីដែលសំខាន់នោះគឺកម្ពុជាមានច្បាប់ពាក់ព័ន្ធបរិស្ថានច្រើនដែលមិនទាន់យកមកអនុវត្តឱ្យបានម៉ឺងម៉ាត់នៅឡើយ។ បន្ថែមពីលើនេះ លោកថា ក្រសួងបរិស្ថានគួរបង្កបរិយាកាសអំណោយផល និងសហការយ៉ាងជិតស្និទ្ធជាមួយនឹងសហគមន៍មូលដ្ឋានដើម្បីការពារធនធានធម្មជាតិ បន្ថែមពីលើការបង្កើត App។
យោងតាមក្រសួងបរិស្ថាន កម្ពុជាមានធនធានគម្របព្រៃឈើប្រមាណ៨,៥លានហិកតា ដែលស្មើនឹង ជាង ៤៦ភាគរយ ធៀបនឹងផ្ទៃដីសរុបទូទាំងប្រទេស ដោយរាប់បញ្ចូលទាំងផ្ទៃដីចម្ការកៅស៊ូ ចម្ការដូងប្រេង និងដំណាំហូបផ្លែដទៃផងដែរ។ កាសែតម៉ុងហ្គាបេរបស់សហរដ្ឋអាមេរិកបានចេញផ្សាយដោយផ្អែកលើរបាយការណ៍របស់អង្គការ Global Forest Watch នាពេលកន្លងទៅថ្មីៗថា កម្ពុជាបាត់បង់ព្រៃឈើជាង១២ម៉ឺនហិកតាក្នុងឆ្នាំ២០២៣ តែអ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃអាទិត្យា ច្រានចោល៕
ដោយ:ជិន ម៉ាដេប៉ូ Apsara Tonight

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner