ក្រុមហ៊ុនមួយត្រូវការដី ១៥ហិកតា ដើម្បីដាំមន នៅសៀមរាប

ភ្នំពេញៈក្រុមហ៊ុនសិប្បករអង្គរ កំពុង ស្វែង រក ដី ដាំដើម មន ចំនួន ១៥ ហិកតា សម្រាប់ពង្រីកផលិតកម្មសូត្រនៅកម្ពុជា ខណៈដែល តម្រូវ ការ សូត្រ ខ្មែរ មាន ការ កើន ឡើង។ នេះ បើ យោងតាមលោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់។

លោកជំទាវ បន្ថែមថា តាមរយៈដំណើរទស្សនកិច្ច និងជំនួបពិភាក្សាបីលើកក្នុងរយៈពេល៥ខែកន្លងមក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងផ្ដល់ការសហការគាំទ្រផ្ដល់ជំនួយបច្ចេកទេស និងផ្ដល់ដើមមនដល់ក្រុមហ៊ុនសម្រាប់បម្រើដល់ការដាំដុះបន្ថែមនាពេលអនាគត ។

សេចក្តី អះអាង នេះ ធ្វើ ឡើង ក្រោយ ពីជំនួប ចុង ក្រោយ ជាមួយ ក្រុម អ្នក បច្ចេកទេស ផ្នែក ដំណាំមន របស់ ក្រុម ហ៊ុន សិប្បករអង្គរ កាល ពី ចុង សប្តាហ៍ មុន។
ឆ្លើយតបនឹងសំណើពីក្រុមហ៊ុនសិប្បករអង្គរ ដែល មានមូលដ្ឋាន នៅ ក្រុង សៀមរាប ខេត្តសៀមរាប លោក យិន ច័ន្ទសុធី អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា ក្រសួង នឹង ផ្ដល់ការគាំទ្រដល់ការបង្កាត់ពូជដង្កូវនាងដើម្បីស្វែងរកពូជថ្មីៗដែលធន់និងអាកាសធាតុ ផ្តល់ទិន្នផលសរសៃសូត្រខ្ពស់ ព្រមទាំង ផ្តល់ការបណ្ដុះបណ្ដាលបច្ចេកទេសក្នុងការដាំដុះនិងការការប្រមូលផលមន ផងដែរ។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីពេលកន្លងទៅ បានហៅការអភិរក្សសិប្បកម្មសូត្រ ថា ជាការរួមចំណែកជួយថែរក្សា និងផ្សព្វផ្សាយអត្តសញ្ញាណ និងដួងព្រលឹងជាតិខ្មែរទៅកាន់ប្រជាជននៃពិភពលោក។ លើសពីនេះ  វានឹងជួយផ្ដល់ការងារដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បង្កើនប្រាក់ចំណូល ក៏ដូចជាកាត់បន្ថយការចំណាកស្រុករបស់ប្រជាពលរដ្ឋផងដែរ។
ផ្អែកតាម អ្នកជំនាញក្នុងវិស័យផលិតសូត្រ កម្ពុជាត្រូវការការដាំដុះដើមមនសម្រាប់ចិញ្ចឹមដង្កូវនាប្រមាណ ៤ម៉ឺនហិកតា ទើបអាចផលិតបានសូត្រ ៤០០ តោនក្នុងមួយឆ្នាំៗបាន ខណៈដែលបច្ចុប្បន្ន ទើបមានការដាំដុះប្រមាណ ១០០ ហិកតាប៉ុណ្ណោះ។ ក្នុងមួយហិកតា ដើមមន អាច ផ្តល់ជា ស្លឹក បាន ប្រមាណ ២០ តោន ហើយអាចផលិតបានសំបុកដង្កូវនាងជាមធ្យម ១០០០គីឡូក្រាម និងផលិតបានជាសរសៃ សូត្រចំនួន ១៥០ គីឡូក្រាម៕ ដោយ:ញ៉ែម សុផល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner