លំហូរទុន វិនិយោគផ្ទាល់ពីបរទេសមកកម្ពុជាកើនដល់ពាន់លានដុល្លារ វិស័យឧស្សាហកម្មនាំមុខ

ភ្នំពេញ:លំហូរវិនិយោគផ្ទាល់ពីបរទេស ឬ FDI របស់កម្ពុជាបានហក់ឡើងដល់ កម្រិតមុនជំងឺរាតត្បាត ដែលឈានដល់ ៤ពាន់លានដុល្លារនៅឆ្នាំ ២០២៣ កើនឡើង ១០,៦ភាគរយធៀបនឹងឆ្នាំមុន និងកើនពី ៣,៧ ពាន់លានដុល្លារកាលពីឆ្នាំ ២០១៩។ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាចេញផ្សាយកាលពីថ្ងៃចន្ទនេះ។
 
ខណៈពេលដែលការស្ទុះងើបឡើងវិញនេះ ជាសូចនាករវិជ្ជមាននៃទំនុកចិត្តរបស់អ្នកវិនិយោគថ្មី ការចែកចាយនៃសាច់ប្រាក់វិនិយោគនៅតាមវិស័យផ្សេងៗមិនស្មើគ្នានោះទេ។
 
ការវិនិយោគក្នុងវិស័យកម្មន្តសាល ដូចជាសម្លៀកបំពាក់ ស្បែកជើង និងវាយនភណ្ឌ មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយការវិនិយោគកើនឡើងជាង ៧៦ភាគរយឬស្មើនឹង ៣៦,៥ភាគរយនៃ FDI សរុបដែលមានទំហំទឹកប្រាក់ប្រមាណ ១,៤៦ ពាន់លានដុល្លារ។ ការផលិតថាមពលព្រះអាទិត្យ ការកែច្នៃម្ហូបអាហារ និងផលិតសំបកកង់រថយន្ត ក៏មានកំណើនវិនិយោគពីបរទេសផងដែរ។ នេះបើយោងតាមរបាយការណ៍ដដែល។
 
វិស័យមួយចំនួនទៀតក៏មានកំណើនវិជ្ជមាននៃលំហូរ FDI ផងដែរ ប៉ុន្តែក្នុងទំហំតូច។ វារីអគ្គិសនីកើនឡើងជាង ២០ភាគរយ,វិស័យសំណង់កើន ១៧ភាគរយនិងកសិកម្មកើនត្រឹមតែជាង២ភាគរយប៉ុណ្ណោះ។ ចំណែកលំហូរ FDI ចូលទៅក្នុងវិស័យហិរញ្ញវត្ថុបានថយចុះ ១៨,៦ភាគរយ ,អចលនទ្រព្យធ្លាក់ចុះ ១១,៨ភាគរយនិងការវិនិយោគលើកន្លែងស្នាក់នៅធ្លាក់ចុះ ១,៦ ភាគរយ។
 
អ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ច និងវិនិយោគ យល់ឃើញខុសគ្នាចំពោះបញ្ហានេះ។ លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ បានប្រាប់ Apsara Tonight ថា លំហូរទុនពីបរទេសអាស្រ័យលើវិស័យដែលមានសក្តានុពល តួយ៉ាង កម្មន្តសាល នៅមានឳកាសទាក់ទាញវិនិយោគច្រើនដែលរដ្ឋាភិបាលត្រូវតែជំរុញបន្ថែម។ ចំណែកការធ្លាក់ចុះនៃលំហូរវិនិយោគផ្នែកហិរញ្ញវត្ថុ អចលនទ្រព្យ និងកន្លែងស្នាក់នៅ លោកថា វាស្របទៅនឹងស្ថានភាពសេដ្ឋកិច្ច ហើយនាពេលកន្លង វិស័យទាំងបីនេះបានហក់ឡើងខ្ពស់រួចទៅហើយ ដូច្នេះការថមថយលំហូរទុនជារឿងធម្មតានៅក្នុងបរិបទនេះ។  
 
ចំណែក លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា ចិន លើកឡើងថា លំហូរទុនមិនស្មើគ្នាតាមវិស័យបង្ហាញពីភាពចម្រុះបែប និងជម្រើសក្នុងការវិនិយោគ ដែលលោកថាជារឿងល្អ។ ប៉ុន្តែ ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បារម្ភថា ការធ្លាក់ចុះនៃការបោះទុនក្នុងឧស្សាហកម្មទេសចរណ៍ អាចនាំឲ្យមានឳនភាពដល់វិស័យផ្សេងទៀត។  
 
ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ក្នុងបទបង្ហាញរបស់ខ្លួនថា ភាពខុសប្លែកគ្នាខ្លាំងនៃលំហូរវិនិយោគក្នុងចំណោមវិស័យនានា និងទាបជាងអត្រាមុនការរាតត្បាត មានន័យថាត្រូវការកិច្ចខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀតដើម្បីពង្រឹងវិស័យទាំងនោះ។ លោក ច័ន្ទ សុផល លើកឡើងថា អ្វីដែលកម្ពុជា ត្រូវដោះស្រាយនៅចំពោះមុខ គឺ តម្លៃ និងគុណភាពអគ្គិសនី តម្លៃដឹកជញ្ជូន ប្រព័ន្ធរត់ការក្នុងការដឹកទំនិញចេញចូល បញ្ហាក្នុងប្រព័ន្ធច្បាប់ និងតុលាការ ជាដើម។
 
គួរសម្គាល់ថា ប្រទេសចិននៅតែជាប្រភពដ៏ធំបំផុតនៃ FDI ដែលរួមចំណែក ៥៦ភាគរយនៃលំហូរចូលសរុបក្នុងឆ្នាំ ២០២៣។ ការវិនិយោគរបស់ចិនផ្តោតជាចម្បងទៅលើវិស័យឧស្សាហកម្ម។ កូរ៉េខាងត្បូង ជប៉ុន សិង្ហបុរី និងកាណាដា ផ្តោតការវិនិយោគលើវិស័យហិរញ្ញវត្ថុ អចលនទ្រព្យ និងផលិតកម្ម។ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិ៕
Apsara Tonight

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner