សកម្មជនគណបក្សប្រឆាំងបន្តផ្តាច់ខ្លួន និងសូមចូលរួមជីវភាពនយោបាយជាមួយ CPP (Video Inside)
ការធ្វើនយោបាយប្រឆាំងនឹងផលប្រយោជន៍របស់ជាតិ បានធ្វើឱ្យសកម្មជនដែលធ្លាប់បំរើនយោបាយ តាមការរៀបចំរបស់មេខ្លោងទណ្ឌិត សម រង្ស៊ី បានភ្ញាក់រលឹក និងពួកគេបានប្រកាសចាកចេញពីគណបក្សប្រឆាំង មកចូលរួមធ្វើនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជាវិញ។
អនុប្រធានក្រុមការងារគណបក្សកម្លាំងជាតិខេត្តកំពង់ស្ពឺ លោក ថៃ សុផាត បានប្រកាសចាកចេញពីបក្សរបស់ខ្លួន ដែលជាគណបក្សមួយ ដែលមានទំនោរនយោបាយទៅរក សម រង្ស៊ី ដែលប្រឆាំងនឹងការសាងសង់គំរោងព្រែកជីកហ៊្វូណនតេជោ។
នៅជាមួយគ្នានេះផងដែរ សកម្មជនគណបក្សប្រឆាំងម្នាក់ទៀតឈ្មោះ សុខ វាសនា ដែលជាអតីតអនុប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិខេត្តស្ទឹងត្រែង បានស្នើសុំចូលរួមធ្វើជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជាផងដែរ ក្រោយការអស់ជំនឿលើជោគវាសនារបស់ក្រុមប្រឆាំង។
ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងប្រសាសន៍នៅខែមេសាតាមបណ្តាញសង្គម បានបញ្ជាក់ថា សម្តេចនឹងផ្តល់ឱកាសលើកលែងទោសឱ្យមនុស្សទាំងឡាយដែលចាញ់បោកទណ្ឌិត សម រង្ស៊ី វៀរលែងតែទណ្ឌិត សម រង្ស៊ី ម្នាក់គត់ ដែលជាមេខ្លោងជនក្បត់ជាតិបីជំនាន់។