ទីស្តីការគណៈរដ្ឋមន្រ្តី នឹងធ្វើវឌ្ឍនភាពសមាសភាពគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ សម្រាប់អនុវត្តការឆ្លើយតបនឹងមេរោគអេដស៍
ភ្នំពេញ៖ ទីស្តីការគណៈរដ្ឋមន្រ្តី នឹងធ្វើវឌ្ឍនភាពសមាសភាពគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍គណៈរដ្ឋមន្រ្តី នៅចុងខែឧសភា សម្រាប់អនុវត្តការឆ្លើយតបនឹងមេរោគអេដស៍ ។ ការបញ្ជាក់របស់មន្ត្រីទីស្តីការគណៈរដ្ឋមន្រ្តី ធ្វើឡើងក្នុងកិច្ចប្រជុំ ស្តីពីការសម្របសម្រួលការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ក្រោមវត្តមាន ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយមានការចូលរួមពីក្រុមការងារនៃគណៈកម្មាធិការប្រយុទ្ធជំងឺអេដស៍គណៈរដ្ឋមន្រ្តី ដែលដឹកនាំដោយ ឯកឧត្តម អាន ជាលី អនុរដ្ឋលេខាធិការ និងជាតំណាងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ទីស្តីការគណៈរដ្ឋមន្រ្តី សរុបចំនួន ៣៥រូប។
កិច្ចប្រជុំនេះ មានគោលបំណង ពិនិត្យសមិទ្ធផលឆ្លើយតបនឹងមេរោគអេដស៍កម្ពុជាដែលសម្រេចបានកន្លងមក, ពិនិត្យនូវឋាមវ័ន្តនៃប្រព័ន្ធរួមគ្នាក្នុងការឆ្លើយតបនឹងមេរោគអេដស៍ , ពិនិត្យ និងអនុវត្តនូវវិធាននានា នៃនូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ទីស្តីការគណៈរដ្ឋមន្រ្តី ។
ឯកឧត្តម ថោង សុគន្ធ អគ្គនាយក នៃអគ្គនាយកដ្ឋាន បានថ្លែងថា៖ ទីស្តីការគណៈរដ្ឋមន្រ្តី នឹងធ្វើវឌ្ឍនភាពសមាសភាពគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍គណៈរដ្ឋមន្រ្តី បន្ទាប់ពីកិច្ចប្រជុំនៅចុងខែឧសភានេះ សម្រាប់អនុវត្តការឆ្លើយតបនឹងមេរោគអេដស៍ ព្រមទាំងដាក់ឆ្លងឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី ។
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានបញ្ជាក់ពីតួនាទីភារកិច្ចរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ស្របតាមអនុក្រឹត្យលេខ ១០៩ ។ ឯកឧត្តមប្រធានអង្គប្រជុំ បានបន្តថា គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ និងផែនការយុទ្ធសាស្រ្តជាតិ ទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៦ ឆ្នាំ២០២៤-២០២៨ មានគោលបំណង ១)- សម្រេចទប់ស្កាត់ការឆ្លងថ្មីឱ្យបានក្រោមមួយករណីក្នុងមួយថ្ងៃឬជាង២០០នាក់ក្នុងមួយឆ្នាំ ២)- សម្រេចទប់ស្កាត់ការស្លាប់ដោយសារអេដស៍ឱ្យបានក្រោម២០០នាក់ក្នុងមួយឆ្នាំ ៣)- បំបាត់ការរើសអើងនិងមាក់ងាយអ្នកផ្ទុកមេរោគអេដស៍ឱ្យអស់ពីសង្គមកម្ពុជា និងដោយវិធានចំនួន ៥៨ សម្រាប់អនុវត្ត ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់កិច្ចប្រជុំ ដោយប្ដេជ្ញាលុបបំបាត់អេដស៍បានតាមគោលការណ៍របស់អង្គការសហប្រជាជាតិគឺបញ្ចុះឱ្យបាន១០ភាគរយ នៃលទ្ធផលដែលសម្រេចបានកាលពីឆ្នាំ២០១០ តាមរយៈការដាក់គោលដៅសម្រេចឱ្យបាននូវគោលដៅ៩៥-៩៥-៩៥ , ក្រុមការងារបច្ចេកទេសនៃគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសដែលប្រព្រឹត្តទៅរៀងរាល់ខែ, លុបបំបាត់ការមាក់ងាយ និងរើសអើង នៅក្នុងសង្គមកម្ពុជា, រិះរកនូវវិធានច្បាប់ និងវិធីសាស្រ្តក្នុងការប្រមូលនានាឱ្យបានគ្រប់ជ្រុងជ្រោយ ពិសេស គ្លីនិកឯកជនឱ្យផ្តល់នូវរបាយការណ៍ឆ្លើយតបនឹងមេរោគអេដស៍ នោះយើងសង្ឃឹមថានឹងសម្រេចបាននូវគោលដៅទាំងបី, គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន ជាសេនាធិការតាមវិស័យរបស់អាជ្ញាធរប្រយុទ្ធនឹងជំងឺអេដស៍។
ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានដាក់ឱ្យពិភាក្សានូវវិធាននានាសម្រាប់ទីស្តីការគណៈរដ្ឋមន្រ្តី នៅក្នុងគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ ដែលរួមមាន៖ ពង្រឹងប្រព័ន្ធឆ្លើយតបជាពហុវិស័ (៥វិធានការ) ពង្រីក ពង្រឹង និងពន្លឿនកម្មវិធីបង្ការ (៩វិធានការ) ) ពង្រីក ពង្រឹង និងពន្លឿនកម្មវិធីថែទាំនិងព្យាបាល (៧វិធានការ) ពង្រីក ពង្រឹង និងពន្លឿនកម្មវិធីគាំពារសង្គម (៣វិធានការ) បញ្ចប់ការរើសអើងនិងមាក់ងាយ (៣វិធានការ) ចលនាធនធាន (៤វិធានការ) ពង្រឹងប្រសិទ្ធភាពប្រព័ន្ធតាមដាន និងវាយតម្លៃ (៨វិធានការ) ៕
អត្ថបទ ៖ វណ្ណលុក
ប្រភព ៖ អាជ្ញាធរអេដស៍