អាមេរិកជំរុញ G7 ឱ្យប្រើទ្រព្យសម្បតិ្តរុស្ស៊ីជួយអ៊ុយក្រែន
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោកស្រី ចាណេត យេលេន ត្រូវបានប្រព័ន្ធផ្សព្វផ្សាយដកស្រង់សន្ទរកថាចេញផ្សាយថា វាគឺជារឿង “សំខាន់ និងបន្ទាន់” សម្រាប់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ក្នុងការស្វែងរកវិធីមួយ ដើម្បីបង្វែរទ្រព្យសម្បត្តិរុស្ស៊ីដែលជាប់គាំងទៅជួយអ៊ុយក្រែន។
រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោកស្រី ចាណេត យេលេន បាននិយាយថា ខ្ញុំជឿថា វាជារឿងសំខាន់ និងបន្ទាន់ដែលយើងរួមគ្នារកវិធីឆ្ពោះទៅមុខ ដើម្បីប្រើប្រាសទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់រុស្ស៊ីដែលជាប់គាំង នៅក្នុងយុត្តាធិការរបស់យើង សម្រាប់ជាប្រយោជន៍ដល់អ៊ុយក្រែន។
លោកស្រី យេលេន បន្ថែមថា ប្រការនេះនឹងក្លាយជាប្រធានបទសំខាន់ នៃការសន្ទនាក្នុងអំឡុងកិច្ចប្រជុំ G7 នៅសប្តាហ៍នេះ។ សម្រង់សុន្ទរកថារបស់លោកស្រី យេលេន ដែលនឹងត្រូវឡើងថ្លែងក្នុងទីក្រុង ហ្វ្រែងហ្វឺត នៅថ្ងៃអង្គារនេះ ត្រូវបានចេញផ្សាយ ចំពេលដែលមេដឹកនាំផ្នែកហិរញ្ញវត្ថុនៃក្រុមប្រទេស G7 គ្រោងនឹងជួបជុំគ្នានៅចុងសប្តាហ៍នេះ។
កាសែត ហ្វាយណិនសល ថាមស៍ បានរាយការណ៍កាលពីថ្ងៃចន្ទថា សម្ព័ន្ធមិត្ត G7 កំពុងបង្ហាញការគាំទ្រចំពោះផែនការរបស់សហរដ្ឋអាមេរិក ដែលរៃអង្គាសប្រាក់បានប្រហែល ៥០ពាន់លានដុល្លារដើម្បីជួយដល់អ៊ុយក្រែន។ ផែនការនេះដែរ ក៏ពាក់ព័ន្ធនឹងប្រាក់កម្ចីរបស់ G7 ដែលគាំទ្រដោយប្រាក់ចំណេញនាពេលអនាគត ពីទ្រព្យសម្បត្តិរបស់រុស្ស៊ីប្រហែល ៣៥០ពាន់លានដុល្លារ ដែលត្រូវបានបង្កក បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែន។
សម្រាប់ប្រទេសអ៊ីតាលី ដែលកាន់តំណែងជាប្រធានាធិបតី G7 នៅឆ្នាំនេះ បាននិយាយថា សំណើនេះ គឺជា “ផ្លូវដ៏គួរឱ្យចាប់អារម្មណ៍មួយឆ្ពោះទៅមុខ”។ ទោះបីជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តណាមួយ គឺត្រូវការការគាំទ្រពីសហភាពអឺរ៉ុប ដែលជាមូលដ្ឋានច្បាប់ដ៏រឹងមាំ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា