ក្តៅខ្លាំងពេក ឥណ្ឌាបញ្ជាឱ្យបិទសាលារៀន

ញូដេលី៖ អាជ្ញាធរឥណ្ឌា នៅថ្ងៃអង្គារ បានបញ្ជាឱ្យបិទសាលារៀន មុនថ្ងៃឈប់សម្រាករដូវក្តៅ បន្ទាប់ពីសីតុណ្ហភាពបានហក់ដល់ ៤៧,៤អង្សាសេ ដោយទីក្រុងដេលី រងឥទ្ធិពលពីរលកកម្តៅធ្ងន់ធ្ងរជាងគេ។

ការិយាល័យឧតុនិយមរបស់ប្រទេសឥណ្ឌា បានព្រមានអំពី “រលកកំដៅធ្ងន់ធ្ងរ” នៅសប្តាហ៍នេះ ដោយបារតវាស់សីតុណ្ហភាពស្ទុះដល់ ៤៧.៤អង្សាសេ នៅតំបន់ជាយក្រុង Najafgarh នៃទីក្រុងដេលី កាលពីថ្ងៃចន្ទ ដែលជាសីតុណ្ហភាពក្តៅបំផុតទូទាំងប្រទេស។

អាជ្ញាធរនៅក្នុងរដ្ឋផ្សេងទៀត ក្នុងនោះរួមមានទាំងរដ្ឋ Haryana, Madhya Pradesh, Punjab និង Rajasthan ក៏បានបញ្ជាឱ្យបិទសាលារៀនទាំងអស់ផងដែរ។

សម្រាប់ប្រទេសឥណ្ឌា ការកើនឡើងសីតុណ្ហភាពក្តៅខ្លាំង មិនមែនជារឿងចម្លែកក្នុងរដូវក្តៅនោះទេ។ ប៉ុន្តែការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រជាច្រើនឆ្នាំ បានរកឃើញថា ការប្រែប្រួលអាកាសធាតុកំពុងបណ្តាលឱ្យរលកកំដៅកើតឡើងកាន់តែយូរ ញឹកញាប់ និងកាន់តែក្តៅខ្លាំង។

តួយ៉ាង នៅក្នុងខែឧសភា ឆ្នាំ២០២២ ផ្នែកខ្លះនៃទីក្រុងដេលី សីតុណ្ហភាពបានឡើងដល់ ៤៩.២អង្សាសេ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានរាយការណ៍នៅពេលនោះ។

ជុំវិញបញ្ហានេះដែរ នាយកដ្ឋានឧតុនិយមឥណ្ឌាក៏បានព្រមានផងដែរ អំពីផលប៉ះពាល់នៃរលកកំដៅទៅលើសុខភាពមនុស្ស ជាពិសេសចំពោះទារក ជនចាស់ជរា និងអ្នកដែលមានជំងឺរ៉ាំរ៉ៃ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner