សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញជាអធិបតី ប្រារព្ធពិធីបុណ្យវិសាខបូជា នៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ
កណ្តាល៖ បុណ្យវិសាខបូជាឆ្នាំនេះ ប្រារព្ធពិធីជាផ្លូវការ នៅថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី២២ ខែ ឧសភា ឆ្នាំ២០២៤ នៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យឧត្តុង្គ ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត។
បុណ្យវិសាខបូជា គឺជាបុណ្យដ៏ធំមួយ ក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកម្ពុជា បានចាត់ទុកជាបុណ្យជាតិ ។ ជាងនេះទៀត ប្រទេសជិត២០០ ដែលជាសមាជិក នៃអង្គការសហប្រជាជាតិ បានអនុម័ត និងទទួលស្គាល់ វិសាខបូជា ជាបុណ្យអន្តរជាតិ កាលពីឆ្នាំ១៩៩៩ ។
ការប្រារព្ធពិធីបុណ្យវិសាខបូជា គឺដើម្បីរម្លឹក ដល់ព្រឹត្តិការណ៍ដ៏ពិសេសចំនួន៣ ដែលទាក់ទងនឹងព្រះសមា្មសម្ពុទ្ធ។ ព្រឹត្តិការណ៍ទាំងនោះ គឺ ការប្រសូត ការត្រាស់ដឹង ការចូលនិព្វាន។
ព្រះពុទ្ធ មានព្រះនាមដើមថា សិទ្ធត្ថ (អានថា សិត-ធ័ត) ដែលជាព្រះរាជបុត្រា របស់ព្រះនាង សិរិមហា មាយា និងព្រះបាទ សុទ្ធោទនៈ។ ព្រះអង្គ ត្រូវបានគេហៅព្រះនាម ជាច្រើនទៀត ដូចជា ព្រះសម្មាសម្ពុទ្ធ, ព្រះសមណគោតម, ព្រះជិនស្រី, ព្រះសក្យមុនី, ព្រះបរមគ្រូ, ព្រះសាស្តា ជាដើម។
ព្រះអង្គ ទ្រង់ប្រសូតនៅថ្ងៃសុក្រ ពេញបូណ៌មី ខែវិសាខ ឆ្នាំច មុនគ្រិស្តសករាជ ចំនួន ៦២៣ ឆ្នាំ។ នៅពេលមានព្រះជន្ម ២៩ព្រះវស្សា ព្រះសិទ្ធត្ថ បានយាងទៅសាងផ្នួស។ ព្រះអង្គ ទ្រង់ត្រាស់ដឹង ក្រោយពីក្លាយខ្លួនជាអ្នកបួស អស់រយៈពេល ៦ឆ្នាំ ព្រះអង្គក៏បានត្រាស់ដឹង កា្លយជាព្រះពុទ្ធ នៅថ្ងៃពុធ ពេញបូណ៌មី ខែវិសាខ ឆ្នាំរកា នាវេលាទៀបភ្លឺ។
ព្រះបរមគ្រូនៃយើង ទ្រង់ចូលបរិនិព្វាន នៅថ្ងៃអង្គារ ពេញបូណ៌មី ខែវិសាខ ឆ្នាំម្សាញ់ នៅពេលដែលព្រះអង្គ មានព្រះជន្ម ៨០ ព្រះវស្សា។ រហូតមកដល់ពេលនេះ ព្រះសក្យមុនី បានរលត់សង្ខារ អស់រយៈពេល ២៥៦១ឆ្នាំហើយ។ ព្រះសាស្តា ទ្រង់ប្រសូត ត្រាស់ដឹង និងបរិនិព្វាន ក្នុងថ្ងៃ១៥កើត ពេញបូណ៌មី ខែវិសាខ ដូចគ្នា គឺខុសតែឆ្នាំប៉ុណ្ណោះ។ ដូច្នេះ បុណ្យវិសាខបូជា គឺតំណាងឱ្យ «ថ្ងៃទាំងបី» នេះឯឯ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ