តំបន់ជំរំសត្វទោច ចាហ៊ូ នៅ កែវសីមា នឹងធ្វើការពង្រីកតំបន់គ្រប់គ្រងឱ្យបានរហូតដល់ ១០០០ហិកតា

(ភ្នំពេញ)៖ ទីភ្នាក់ងារជំនួយអាមេរិក USAIDបានបង្ហាញពីភាពជោគជ័យ នៃជំរុំសត្វទោច ចាហ៊ូ សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការពង្រីកជម្រកដ៏សំខាន់ដល់សត្វទោច ថ្ពាល់លឿងដែលជិតផុតពូជនៅកែវសីមា។

គួរបញ្ជាក់ថា តំបន់ជំរំសត្វទោច ចាហ៊ូ ស្ថិតនៅ ភូមិអណ្តូង ក្រឡឹង ឃុំ សែនមនោរម្យ ស្រុក អូរាំង ខេត្ត មណ្ឌលគីរី ក្នុងដែនជម្រកសត្វព្រៃកែវសីមា ។

តាមរយៈនាឱកាសអបអរសាទរទិវាអន្តរជាតិសម្រាប់ជីវៈចម្រុះ ក្រោមប្រធានបទ «ក្លាយជាផ្នែកនៃផែនការ» នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ USAID មរតកបៃតង បាន បញ្ជាក់ពីការបានជួយគាំទ្រដល់ក្រុមអ្នកស្រាវជ្រាវនៅជំរុំសត្វទោច ចាហ៊ូ របស់អង្គការ សេចក្ដី សង្ឃឹមពិភពលោកអន្តរជាតិ ឱ្យសម្រេចបាននូវការពង្រីកការគ្រប់គ្រង ដែនជម្រករបស់ សត្វ ទោចទំហំចំនួន ៤៤៥,៥ ហិកតា បន្ថែមទៀត នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ដែលធ្វើឱ្យការ ពង្រីក តំបន់រស់នៅរបស់សត្វទោចសរុបបានរហូតដល់ ៦៩១,៣ ហិកតា រហូតមកដល់ បច្ចុប្បន្ន ។

ប្រភពខាងលើនេះបានបញ្ជាក់ថា៖ការពង្រីកនេះបានផ្តល់កន្លែងសម្រាប់បង្កើន សកម្មភាព ស្រាវជ្រាវ និងការផ្សាំងសត្វទោច ក៏ដូចជាការពង្រីកវិសាលភាពនៃការឃ្លាំមើលព្រៃរបស់ ចាហ៊ូផងដែរ។ សម្រាប់សកម្មភាពទាំងនេះរួមទាំងការការពារជម្រកដ៏សំខាន់របស់សត្វទោច ទល់នឹងការកាប់ឈើខុសច្បាប់ ការបរបាញ់សត្វ និងការកាប់រានព្រៃដោយផ្ទាល់។

ចំនួនសត្វទោចថ្ពាល់លឿងបានថយចុះយ៉ាងឆាប់រហ័ស ដែលភាគច្រើនបណ្តាលមកពីការ បាត់បង់ទីជម្រក និងការចាប់ជួញដូរធ្វើជាសត្វចិញ្ចឹម។ នៅក្នុងតំបន់ទេសភាព វាលទំនាបខាងកើតនៃខេត្តមណ្ឌលគិរី ដែនជម្រកសត្វព្រៃកែវសីមាគឺកន្លែងដែលមានចំនួន ប្រភេទសត្វជិតផុតពូជប្រភេទនេះច្រើនបំផុត។

USAID មរតកបៃតង និងភាគីពាក់ព័ន្ធនានាក្នុងកិច្ចការពារទីជម្រករបស់សត្វទោច តាមរយៈអេកូទេសចរណ៍ និងគម្រោងរេដបូកនៅក្នុងតំបន់គោលដៅមួយនេះ។ គម្រោងនេះក៏មានគោលបំណងបន្តពង្រីកទីជម្រករបស់សត្វទោច ឱ្យឈានដល់គោលដៅចំនួន ១០០០ ហិកតានៅចុងឆ្នាំនេះ។

USAID មរតកបៃតងបានបញ្ជាក់ដែរថាការពង្រីកផ្ទៃដីនេះ គឺដើម្បីអនុញ្ញាត ឱ្យមាន ការ ប្រើប្រាស់ដីដូនតារបស់ជនជាតិដើមភាគតិចពូនង (ព្នង) សម្រាប់វិស័យទេសចរណ៍ និងការ ស្រាវជ្រាវ។កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះក៏ សម្រាប់អេកូទេសចរណ៍ជំរុំសត្វទោច ចាហ៊ូ ដែលជាកម្មសិទ្ធិរបស់សហគមន៍ និងការស្រាវជ្រាវអំពីសត្វទោច៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner