រដ្ឋមន្រ្តីក្រសួងបរិស្ថាន ៖ កម្ពុជាត្រៀមជាស្រេចសហការជាមួយសហគមន៍អន្តរជាតិ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ

(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានបញ្ជាក់ថា កម្ពុជាគឺបានត្រៀមខ្លួនជាស្រេចហើយក្នុងការសហការជាមួយសហគមន៍អន្តរជាតិ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ។

ការលើកឡើងបែបនេះធ្វើឡើងក្នុងពេលដែលឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Deirdre Ní Fhallúin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអៀរឡង់ ប្រចាំព្រះរាជាណាចក្រកម្ពុជានៅរសៀលថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៤ ។

ថ្លែងនាឱកាសនេះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានឱ្យដឹងថា ការប្រែប្រួលអាកាសធាតុបានជះឥទ្ធិពលអាក្រក់ដល់ការអភិវឌ្ឍជាតិ សុខភាពមនុស្ស សត្វ ជីវចម្រុះ និងធនធានធម្មជាតិ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែតបានគូសបញ្ជាក់ថាដោយសារកំណើនកំដៅសីតុណ្ហភាពខ្ពស់នៅរដូវប្រាំងនាឆ្នាំ២០២៤នេះ គឺជាភស្តុតាងបញ្ជាក់អំពីផលអវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ ដែលបង្កឡើងដោយសកម្មភាពមនុស្ស ហើយជាការចាំបាច់ណាស់ដែលយើងទាំងអស់គ្នាត្រូវតែរួមគ្នាដោះស្រាយបញ្ហាសកលមួយនេះ ស្របទៅតាមគោលការណ៍ដែលមានស្រាប់ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ ទន្ទឹមនឹងនេះផងដែរ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយសហគមន៍អន្តរជាតិ ដៃគូ ដើម្បីឆ្លើយតបនឹងបញ្ហានេះ ក្នុងនោះកម្ពុជាក៏បានរៀបចំនូវផែនការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុយ៉ាងច្បាស់លាស់ គឺយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានដែលអនុលោមតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ។

បើតាមក្រសួងបរិស្ថានបានលើកឡើងថាក្នុងកិច្ចពិភាក្សា ភាគីទាំងពីរនឹងបន្តធ្វើការ រួមគ្នាឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងអៀរឡង់ ដើម្បីរួមចំណែកកាត់បន្ថយហានិភ័យនានា ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner