សម្តេចតេជោ ហ៊ុន សែន៖ ការលះបង់អំណាច បានហុចផលហើយ ខណៈកំណើន សេដ្ឋកិច្ចបន្ដកើនឡើង
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ពេលនេះ ការលះបង់ អំណាច របស់ សម្ដេច បានហុចផលយ៉ាងល្អប្រសើរ ខណៈកំណើនសេដ្ឋកិច្ច នៅតែបន្ដកើនឡើង ជាមួយ អត្រាអតិផលរណា ដែលអាចគ្រប់គ្រងបាន ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងពិធីបិទសន្និសីទ អនាគត កម្ពុជាគ្មានអំពើប្រល័យ ពូជសាសន៍ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ពេលនេះ ការលះបង់អំណាចរបស់សម្ដេច បានហុចផលយ៉ាងល្អប្រសើរ ហើយចំពោះការផ្ទេរអំណាចនេះទៀតសោត ក៏មិនបាន នាំមក នូវភាពភ័យខ្លាច ដល់ប្រជាជនកម្ពុជា នោះឡើយ ។ មិនតែប៉ុណ្ណោះ ក៏បានជំរុញឲ្យ កំណើន សេដ្ឋកិច្ច នៅតែបន្ដកើនឡើង ជាមួយអត្រាអតិផលរណា ដែលអាចគ្រប់គ្រងបាន ។
សម្ដេចតេជោប្រធានព្រឹទ្ធសភា បានបន្តថា យើងត្រូវគិតគូរ ឱ្យបានម៉តចត់ថា ការបោះបង់ចោលអំណាច ដែលខ្លួន ធ្លាប់កាន់ក្នុងរយៈពេល ៣៨ឆ្នាំ ឬ ៤៥ឆ្នាំ ក្នុងដៃ ដើម្បីដូរយកនូវសន្ដិភាព និងស្ថេរភាពរយៈពេលវែង ត្រូវហ៊ានធ្វើ ព្រោះថា ខ្ញុំធ្លាប់លះបង់ គ្រប់យ៉ាងហើយ ជីវិតរបស់ខ្ញុំ បានលះបង់គ្រប់សព្វបែបយ៉ាង ដើម្បីប្ដូរយក ការរស់រាន មានជីវិតរបស់ប្រជាជន លះបង់ដើម្បីប្ដូរយក នូវសន្ដិភាព ដើម្បីប្រជាជន ។
សម្ដេចតេជោ បានបញ្ជាក់ថា ដូច្នេះ ខ្ញុំមិនខ្លាចក្នុងការលះបង់មួយ នៃអំណាចរបស់ខ្ញុំ ដើម្បីប្ដូរយកសន្ដិភាព ក្នុងរយៈពេលវែង ឥឡូវលទ្ធផលបានចេញមកហើយ ការផ្ទេរ អំណាចនេះ សម្រាប់អ្នកជំនាន់ក្រោយ មិនបាននាំមកការភ័យខ្លាច សម្រាប់ប្រជាជន កម្ពុជានោះទេ កំណើនសេដ្ឋកិច្ច ក៏បន្ដមានកំណើន ជាមួយអត្រាអតិផរណា ដែលអាច គ្រប់គ្រងបាន ដូច្នេះសេចក្ដីសុខនេះប្រជាជនកម្ពុជា គ្មានការភ័យខ្លាចរត់លូន ជាមួយនឹង ការផ្ទេរអំណាចនោះទេ ។
សូមជម្រាបថា យោងតាមការវាយតម្លៃ នៅក្នុងរបាយការណ៍ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២៣ បង្ហាញថា សេដ្ឋកិច្ចកម្ពុជា បន្តងើបឡើងជាមួយនឹងកំណើន ក្នុងល្បឿនខុសគ្នាតាមវិស័យ ក្នុងអត្រា ៥% ខណៈអត្រាអតិផរណា បានថយចុះមកត្រឹម ២,១% ស្របតាមនិន្នាការអតិផរណាក្នុងតំបន់ និងការធ្លាក់ថ្លៃប្រេងនៅលើទីផ្សារអន្តរជាតិ ។ ទន្ទឹមនឹងនេះ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងមានកំណើន ៦% នៅឆ្នាំ២០២៤ ជាមួយនឹងកម្រិតអតិផរណាក្នុងរង្វង់ ២% ។ កំណើនសេដ្ឋកិច្ច ត្រូវបានគាំទ្រជាចម្បងដោយការនាំចេញ ផលិតផលកាត់ដេរ និងមិនមែនកាត់ដេរ ការបន្តងើបឡើង នៃវិស័យទេសចរណ៍ និងវិស័យពាក់ព័ន្ធ និងកំណើនរឹងមាំ នៃវិស័យដឹកជញ្ជូន និងទូរគមនាគមន៍ ខណៈវិស័យកសិកម្ម អាចបន្តកើនឡើងយឺត ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ